ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ដែលជាមុខសញ្ញាជំនាញខាងវះហៅប៉ៅ និងកាបូបយកលុយនៅតាមទីប្រជុំជន ហេតុការណ៍នេះ បង្កឡើងកាលពីវេលាម៉ោង១១ និង៤៥នាទីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុតាមជនសង្ស័យ ធ្វើជាដើរទៅបុកស្រ្តីកម្មការិនីម្នាក់ រួចបន្លំលូកយកកាតការងារ ដែលគាត់ទុកលុយ ក្នុងកាបូបស្ពាយបានសម្រេចហើយ តែគេចខ្លួនមិនរួច ដោយត្រូវបានជនរងគ្រោះ ឃើញទាន់ស្រែកផ្អើលឆោឡោតែម្តង។
ស្រី្តជនសង្ស័យមានឈ្មោះ ទូច ស្រីអូន អាយុ៣៣ឆ្នាំ មានទីលំនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ស្នាក់នៅផ្ទះជួល ក្នុងភូមិប៉ប្រកខាងជើង សង្កាកាកាប១ ខណ្ឌពោធិ៍សែនជ័យ។រ
ចំណែកជនរងគ្រោះឈ្មោះ អ៊ិន សុខលីម អាយុ៥៧ឆ្នាំ មុខរបរកម្មការនីរោងចក្រកាត់ដេរហុងវ៉ា មានទីលំនៅក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ រីឯលុយដុល្លារមានចំនួន៣០០ដុល្លារ និងខ្មែរ១៦ម៉ឺនរៀល ដែលគាត់ទុកក្នុងកាតការងារនោះ ត្រូវបានដកហូតបានមកវិញ មិនបាត់បង់ឡើយ។
តាមប្រភពដដែល បានបន្តទៀតថា ពេលនោះជនរងគ្រោះ មិនបានដឹងថា កាតដាក់លុយត្រូវស្រ្តីសង្ស័យ លូកយកបាត់ទេ ដោយនឹកស្មានថា គ្រាន់តែដើរបុកជាធម្មតាប៉ុណ្ណោះ ប៉ុន្តែនៅពេលដើរផុតបន្តិចគាត់ក្រឡេក មើលឃើញស្រ្តីនេះ កាន់កាត ១នៅនឹងដៃហើយ ដោយមានការសង្ស័យគាត់បើកមើលកាត ក្នុងកាបូបស្រាប់តែបាត់។
ទើបគាត់ដឹងថាស្ត្រីសង្ស័យលួចកាតរបស់គាត់ ទើបគាត់ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ខណៈនោះក្រុមសន្តិសុខយាមរោងចក្រ និងនគរបាលប៉ុស្តិ៍ចោមចៅ១ ជួយចាប់ខ្លួនបាននាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕
មតិយោបល់