ព័ត៌មានជាតិ

មន្ត្រីបច្ចេកទេស៦រូបត្រូវដកចេញពីដំណែងក្រោយពីមានបញ្ហាផ្លូវជាតិលេខ៧

យោងតាមផេករបស់ក្រសួងសាធារណការ ​និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ៧ បង្គោលគីឡូម៉ែត្រ PK136 – PK300
សម្រេច ប្តូរសមាសភាពមន្ត្រីគម្រោង ៦រូប៖
– ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស <១រូប>
– អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេស <១រូប>
– សមាជិកក្រុមទីប្រឹក្សាបច្ចេកទេស <៤រូប>

ដើម្បីពង្រឹងការងារគម្រោងឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូ ន បានសម្រេចប្តូរសមាសភាពមន្ត្រីគម្រោង RAMP II ដែលកំពុងត្រួតពិនិត្យ និងគ្រប់គ្រងការងារស្ថាបនា ធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៧ ចាប់ពី បង្គោលគីឡូម៉ែត្រ PK136 – PK300 ដោយប្តូរពីកៅស៊ូពីរស្រទាប់ DBST ទៅជាបេតុងកៅស៊ូ AC ពង្រីកតួផ្លូវពី ៧ម ទៅ ១១ម (កៅស៊ូ AC ១០ម) មហិរញ្ញប្បទានពីធនាគារពិភពលោកក្នុងទឹកប្រាក់ប្រមាណ ៣៦,៤៥លានដុល្លារអាមេរិក។

គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ គម្រោង ផ្លូវជាតិលេខ៧ បង្គោលគីឡូម៉ែត្រ PK136 – PK300 នេះសម្រេចបានលទ្ធផល ដូចខាងក្រោម៖
– PK136 – PK186 អ៊ុតកៅស៊ូ AC បាន ១០០%
– PK186 – PK243 អ៊ុតកៅស៊ូ AC បាន ១០០%
– PK243 – PK300 អ៊ុតកៅស៊ូ AC បាន ៧២%

ក្រសួងបានរកឃើញថា មានចំណុចមួយចំនួន នៅមានការខ្វះខាត ដែលតម្រូវឲ្យក្រុមហ៊ុន ដោះស្រាយជាបន្ទាន់ ទើបក្រសួង អាចទទួលយកបាន។

សូមជម្រាបជូនថា ផ្លូវជាតិលេខ៧នេះមានប្រវែងសរុបចំនួន ៤៦០,៨៣០គីឡូម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC) ចាប់ពីស្គន់ ផ្លូវជាតិលេខ៦ (PK ៧៥+០០០) ដល់ត្រពាំងគ្រៀល (ព្រំដែនកម្ពុជា-ឡាវ) ក្នុងនោះប្រវែងចំនួន ២៧៥,៥៦០គីឡូម៉ែត្រត្រូវបានជួសជុលធ្វើឲ្យប្រសើរឡើងវិញចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៣៦ ដោយប្រើប្រាស់ថវិកាអន្តរ ជាតិសរុបចំនួន៦៩,៨២លានដុល្លារអាមេរិក ពោលគឺ៖ចាប់ពីបង្គោលគីឡូម៉ែត្រលេខ PK136 – PK300ជាគម្រោងRAMP II ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោកក្នុងទឹកប្រាក់ចំនួន៣៦,៤៥លានដុល្លារអាមេរិក និងចាប់ពីបង្គោលគីឡូម៉ែត្រលេខ PK332.125 – PK424.690 ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនក្នុងទឹកប្រាក់ចំនួន៣៣,៣៧ លានដុល្លារអាមេរិក។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំ គណប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ជិះកង់នៅខេត្តត្បូងឃ្មុំ ពិនិត្យស្ថានភាពផ្លូវ ឋិតនៅបង្គោលគីឡូម៉ែត្រលេខ PK176 – PK166 ក្នុងចម្ងាយផ្លូវ ១០គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៧។ យុទ្ធនាការជិះកង់នេះ ធ្លាប់ត្រូវបានធ្វើបានជាច្រើនលើកមកហើយ ដើម្បីពិនិត្យឲ្យឃើញជាក់ស្តែងនូវផ្លូវមានជង្ហុកសំបុកមាន់ ផ្លូវមានទឹកដក់ ស្រកានាគ និងបញ្ហាផ្សេងៗ។ សកម្មភាពនេះគឺជាគម្រូសម្រាប់មន្ត្រីអនុវត្តគម្រោង និងថ្នាក់ដឹកនាំត្រូវមានការយកចិត្តទុកដាក់ខ្ពស់ លើការពិនិត្យគុណភាពផងដែរ៕

 

មតិយោបល់