ព័ត៌មានជាតិ

ឆក់ទូរស័ព្ទដៃតាំងពីខណ្ឌសែនសុខ មកដល់ខណ្ឌដូនពេញ ត្រូវអស់ល័ក្ខប្រជាពលរដ្ឋវាយស្ទើស្លាប់

ភ្នំពេញៈ ជនសង្ស័យ២នាក់ បានជិះម៉ូតូរត់បណ្ដាលឲ្យដួល ហើយត្រូវបានប្រជាពលរដ្ឋចាប់វាយឡើងចាស់ដៃ ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ ក្រោយពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសម្នាក់បានសម្រេច ហើយត្រូវបានជនរងគ្រោះជិះដេញតាម កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្បែរវិហារចិនទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ២នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ទី១ឈ្មោះ មាស បូណា ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ និងទី២ ឈ្មោះ ឡោ ចំណាន ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ។ រួមជាមួយម៉ូតូ មួយគ្រឿងជិះធ្វើសកម្មភាពម៉ាក ហុកដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1L-8498 ។

ជនរងគ្រោះមានឈ្មោះ កង វិបុល ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល មុខវិហារចិន ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ត្រូវបានបាត់បង់ទូរស័ព្ទ ដៃមួយគ្រឿងម៉ាក អាយហ្វូន ស៊ីវែនផ្លិស ។

តាមសម្ដីបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូតាមផ្លូវបំណងមកផ្ទះ ខណះជិតដល់ផ្ទះ ត្រង់ចំណុចវិហារចិន ទឹកថ្លា ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់បានសម្រេច ហើយព្យាយាមជិះគេចខ្លួន តែភ្លាមៗជនរងគ្រោះក៏ជិះម៉ូតូដេញតាមស្រែកថា ចោរៗរហូតមកដល់ផ្លូវR6 (រ៉ារទេះភ្លើង) ធ្វើឲ្យជនសង្ស័យដួលម៉ូតូ ក៏មានប្រជាពលរដ្ឋជួយចាប់ និងស្វាគមន៍ម្នាក់មួយដៃ មួយជើង ឡើងទ្រោមខ្លួន ទើបសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលស្រះចក ចុះមកឃាត់ខ្លួនយកទៅសាកសួរ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើរួចរាល់ ទើបដឹងថា ករណីឆក់នេះកើតឡើងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចក៏ទាក់ទងទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលទឹកថ្លា ឲ្យមកទទួលជនសង្ស័យទាំង២នាក់ និងជនរងគ្រោះ យកទៅបន្តតាមនីតិវិធី៕

មតិយោបល់