កូរ៉េៈ យោធាកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ពួកគេ ដោយមីស៊ីលទី១ បានបាញ់ចាប់តាំងពីមេដឹកនាំលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នា ស្តារឡើងវិញនូវកិច្ចចរចា ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។
មន្រ្តីម្នាក់នៅក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង បានប្រាប់ភ្នាក់ងាររ៉យទ័រថា មីស៊ីលដែលបានបាញ់បង្ហោះចេញពីតំបន់ Wonsan បានហោះហើរចម្ងាយប្រហែល ៤៣០ គីឡូម៉ែត្រ ជាមួយនឹងរយៈកម្ពស់ ៥០ គីឡូម៉ែត្រ មុនពេលវាធ្លាក់ចូលទៅក្នុងសមុទ្រខាងកើត។
ដោទ្បែកសារព័ត៌មានក្យូដូរបស់ជប៉ុន ដោយដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលម្នាក់ មិនបញ្ចេញឈ្មោះ បាននិយាយថា មីស៊ីលនោះ មិនបានទៅដល់តំបន់សេដ្ឋកិច្ចផ្តាច់មុខជប៉ុនទេ ហើយក៏មិនមានឥទ្ធិពលអ្វីលើសន្តិសុខជាតិរបស់ជប៉ុនដែរ។
សូមជំរាបថា ការបាញ់មីស៊ីលឆ្លងទ្វីបនេះ នឹងធ្វើឱ្យមានការសង្ស័យថ្មី ចំពោះកិច្ចប្រឹងប្រែងធ្វើឲ្យមានការចាប់ផ្ដើមទ្បើងវិញ នូវកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរ បន្ទាប់ពីលោក ត្រាំ និងលោក គីម បានជួបពិភាក្សាគ្នានៅតំបន់គ្មានយោធា កាលពីចុងខែមិថុនាកន្លងទៅ៕
មតិយោបល់