ភ្នំពេញៈ និស្សិតឆ្នាំទី២ ផ្នែកស្ថាបត្យកម្ម នៅសាលាន័រតុនម្នាក់ បានរត់មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលទួលសង្កែទី១ ឱ្យជួយអន្តរាគមន៍ បន្ទាប់ពីមានក្រុមចោរគាស់ទ្វាររបងដែកផ្ទះជួល យកម៉ូតូមួយគ្រឿងទៅបាត់ស្រមោល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង១៥នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលគ្មានលេខភូមិទួលសំពៅ សង្កាត់ទួលសង្កាត់ទី១ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ឈាវ ភារុន ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជានិស្សិតឆ្នាំទី២ ផ្នែកស្ថាបត្យកម្ម នៅសាលាន័រតុនស្នាក់ នៅផ្ទះជួលកើតហេតុ មានស្រុកកំណើតនៅភូមិអូស្ងូត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ម៉ូតូដែលក្រុមចោរគាស់ទ្វាររបងដែក យកទៅបាត់នោះ ម៉ាកហ្សូមើ ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ បន្ទាយមានជ័យ1Q-7251។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា នៅព្រលប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩រូបគេ បានទុកម៉ូតូរបស់ខ្លួន មានទាំងម៉ូតូអ្នកជួលផ្ទះផ្សេងៗទៀត ចំនួន៩គ្រឿង ទុកនៅក្នុងបរិវេណផ្ទះជួល មានរបងដែក ចាក់សោត្រឹមត្រូវដូចសពដង ហើយរូបគេបានឡើងដេកក្នុងបន្ទប់ជាន់ទី១ ដេកលង់លក់រហូតដល់ព្រឹកឡើង ម៉ោងប្រមាណជាង៥ព្រឹក បានងូតទឹករួចស្លៀកពាក់ខោអាវ រៀបចំចេញទៅធ្វើការ ពេលចុះមកក្រោមដល់កន្លែងទុកម៉ូតូ ស្រាប់បាត់ម៉ូតូរបស់ខ្លួន ឃើញតែម៉ូតូអ្នកជួលផ្ទះបន្ទប់ផ្សេងៗទៀតចំនួន៨គ្រឿង ហើយឃើញទ្វាររបងដែកផ្ទះជួល មានស្នាមគាស់ត្រចៀកចាក់សោនោះ ទើបដឹងថា មានចោរគាស់យកម៉ូតូរបស់ខ្លួន ភ្លាមៗនោះរូបគេបានរត់មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលទួលសង្កែទី១ ឱ្យជួយអន្តរាគមន៍៕



មតិយោបល់