ភ្នំពេញៈ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះអាសនៈ ក្នុងផ្ទះវីឡាកូនកាត់មួយកន្លែង ខណៈម្ចាស់ផ្ទះមិននៅ បង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងបុរីមូនថោន ត្រង់ចំណុចផ្ទះលេខV01 ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ អាសនៈខាងលើ បានឆាបឆេះ និងបណ្តាលឲ្យរាលដាល ដល់បង្អួចនិងសម្ភារ នៅក្នុងបន្ទប់អាសនៈខាងលើ ហើយសមត្ថកិច្ច និងអាជ្ញាធរភូមិ បាននាំគ្នាមកជួយពន្លត់ខ្លះយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ខ្លះយកទឹកទុយោ ដើម្បីជួយបាញ់ពន្លត់ ភ្លាមៗផងដែរ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីកើតហេតុ ភ្លាមៗឃើញស្ត្រីម្ចាស់ផ្ទះ បានជិះរថយន្ដស៊េរីទំនើប មកដល់គ្រាន់តែសមត្ថកិច្ចសួរនាំ បែរជានិយាយទាំងគំរោះគំរើយ ដាក់សមត្ថកិច្ច និងអាជ្ញាធរភូមិដែលខំប្រឹងជួយអន្តរាគមន៍ទាំងខ្លួនប្រាណ មានប្រលាក់ទឹក និងម្សៅពន្លត់អគ្គិភ័យឡើងស្រម៉ក មិនបានអគុណសមត្ថកិច្ច និងអាជ្ញាធរភូមិមួយម៉ាត់ទៅវិញ។
ក្រោយពេលកើតហេតុ បន្ទាប់ពីស្ត្រីម្ចាស់ផ្ទះខាងលើ មកដល់ដោយឃើញអាកប្បកិរិយារបស់គាត់អញ្ចឹង សមត្ថកិច្ច និងអាជ្ញាធរភូមិ បាននាំគ្នាត្រឡប់ទៅវិញ ភ្លាមៗផងដែរ ដោយមិនបាននៅបង្អង់យូរទេ ព្រោះម្ចាស់ផ្ទះមិនពេញចិត្ត ចំពោះការជួយអន្តរាគមន៍របស់សមត្ថកិច្ច៕







មតិយោបល់