បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ២នាក់ នៅស្រុកថ្មពួកត្រូវពស់ពិសចឹក ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ ទាន់ពេលវេលា បានរួចផុតពីសេចក្ដីស្លាប់។
ប្រធានមន្ទីរពេទ្យបង្អែកស្រុកថ្មពួក លោកញ៉ែម ភីរម្យ បានឲ្យដឹងនៅថ្ងៃទី២ កញ្ញា ឆ្នាំ២០១៦នេះថា មានប្រជាពលរដ្ឋ២នាក់ទៀតហើយ បានរងគ្រោះដោយពស់ពិស២ប្រភេទចឹកបង្កឲ្យរបួស តែបានជួយសង្គ្រោះជីវិតបានទាន់ពេលវេលាហើយ។
លោក បានបន្ដទៀតថា ប្រជាពលរដ្ឋរងគ្រោះទី១ ឈ្មោះម៉ៅ បុល ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកាប់ចោរឃុំភូមិថ្មីស្រុកថ្មពួក ត្រូវពស់ស្រការចាស់ ចឹកនៅវាលស្រែពេលយប់ពេលគាត់ឆ្លុះកង្កែប។ ទី២-ឈ្មោះ ហ៊ឹម សំណាង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិតាម៉ាំង ឃុំគោករមៀតស្រុកថ្មពួក ត្រូវពស់វែកដំបូក ចឹកនៅក្បែរផ្ទះ។ គ្រោះថ្នាក់ទាំង២កើតនៅយប់ថ្ងៃទី៣០ សីហាកន្លងមក។
ប្រធានមន្ទីរពេទ្យបង្អែកស្រុកថ្មពួក បានបន្ថែមថា ក្រោយសង្គ្រោះព្យាបាលបានរួចជីវិត ក៏មន្ទីរពេទ្យត្រូវទុកអ្នកជំងឺតាមដានជំងឺបន្តដល់ថ្ងៃទី២-៣កញ្ញានេះ ព្រោះពស់ដែលចឹកសុទ្ធតែធំៗ។ ដូច្នេះកម្រិតប៉ះពាល់រងគ្រោះសរសៃប្រសាទនិងឈាមក៏ខ្លាំងក្លាតាមនោះដែរ។ អំពីសេរ៉ូមពិស ពស់ដែលមន្ទីរពេទ្យនេះធ្លាប់ខ្វះខាតនោះ គ្រូពេទ្យអះអាងថា ឥឡូវនេះ មានសម ល្មមលែងខ្វះហើយ៕
មតិយោបល់