ភ្នំពេញៈ រថយន្ត RAV4L បត់ឆ្លងផ្លូវ ត្រូវរ៉ឺម៉កម៉ូតូ ដឹកត្រីជាន់ហ្វ្រាំងអូសជាជិត១០ម៉ែត្រ គេចមិនផុតប៉ះរថយន្ត បណ្ដាលឲ្យក្រពឹតកំណាត់មុខ សងថ្លៃខូចខាត៣០ម៉ឺនរៀលបញ្ចប់រឿង។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចទល់មុខរដ្ឋបាលព្រៃឈើ ក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
រថយន្តដែលបត់ឆ្លងផ្លូវនោះ ម៉ាកRAV4L ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញAJ 2754 បើកដោយស្ត្រីស្រស់ស្អាតម្នាក់។ ចំណែករ៉ឺម៉កម៉ូតូដឹកត្រី ដែលគេចរថយន្តមិនផុតនោះ បើកដោយយុវជនម្នាក់ ជាកម្មករដឹកត្រី។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីទៅត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេងឆ្លងផ្លូវ ដើម្បីត្រឡប់ក្រោយ ក៏ស្រាប់តែមានរ៉ឺម៉កម៉ូតូដឹកត្រី បើកដោយយុវជនម្នាក់ក្នុងល្បឿនគួរសម ពីជើងទៅត្បូងតាមផ្លូវខាងលើ ខំជាន់ហ្វ្រាំងអូសជិត១០ម៉ែត្រ គេចមិនផុតក៏ជ្រុលទៅប៉ះរថយន្តពីមុខផ្នែកខាងស្តាំ បណ្តាលឲ្យរថយន្តខូចខាតក្រពឹតខាងស្តាំ។
ក្រោយកើតហេតុដំណាងភាគីម៉ូតូសណ្តោងរ៉ឺម៉កដឹកត្រី និងភាគីខាងរថយន្ត សម្រួលគ្នាបញ្ចប់រឿង ដោយខាងរ៉ឺម៉ក ជួយចេញថ្លៃការខូចខាតរថយន្តចំនួន៣០ម៉ឺនរៀល៕
មតិយោបល់