ភ្នំពេញៈ យុវជនម្នាក់ ជិះម៉ូតូមួយគ្រឿង ក្នុងស្ថានភាពស្រវឹងស្រា ដួលកណ្ដាលផ្លូវ ត្រូវរថយន្តកុងតឺន័រ មកពីក្រោយកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅកន្លែង ហើយក្រោយកើតហេតុរថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៩ តាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចមុខក្លឹបសេះមាស ក្នុងភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ម៉ូតូរងគ្រោះ ម៉ាកស្មាក់វី ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-5526 បើកដោយបុរសម្នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក suzuki smah v តាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ សង្ស័យស្រវឹងស្រា បានដួលម៉ូតូនៅកណ្ដាលផ្លូវ ខណៈដែលជនរងគ្រោះ បានងើបរត់ទៅលើកម៉ូតូបណ្ដើរបានបន្តិច ស្រាប់តែមានរថយន្តម៉ាកកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខ មិនចាំពណ៌ ធ្វើដំណើរស្របទិសគ្នាពីក្រោយ បានបើកកិនជនរងគ្រោះយ៉ាងពេញទំហឹង បណ្ដាលឲ្យបែកក្បាលធ្លាយខួរមកក្រៅស្លាប់ភ្លាមៗនៅនឹងកន្លែង។
ប្រភពដដែលបានបន្តទៀតថា ក្រោយកើតហេតុរថយន្តបង្ក បានបើកគេចខ្លួនបាត់ បន្សល់ទុកសពជនរងគ្រោះ និងម៉ូតូនៅកន្លែងកើតហេតុ។
បច្ចុប្បន្នម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចរាចណ៍ ដឹកយកទៅរក្សាទុកនៅចរាចរណ៍ខណ្ឌមានជ័យ រង់ចាំក្រុមគ្រួសារមកទទួលយក។ រីឯសពសមត្ថកិច្ច កំពុងស្រាវជ្រាវរកសាច់ញាតិ មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់