ព័ត៌មានជាតិ

រថយន្តយីឌុប ពន្លះម៉ូតូហ្សូមើពីក្រោយ បណ្ដាលឲ្យរបួសធ្ងន់មនុស្ស ២នាក់

ភ្នំពេញៈ រថយន្ដយីឌុបម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង សង្ស័យតៃកុងងងុយដេក បានបើកបុកពីក្រោយម៉ូតូហ្សូមើមួយគ្រឿង ជិះគ្នា២នាក់ បណ្ដាលឲ្យជាប់ជនរងគ្រោះម្នាក់ នៅកង់រថយន្តអូសធ្លាក់ចិញ្ចើមផ្លូវទៅមុខលែងរួច នឹងម្នាក់ទៀតខ្ទាតមកលើថ្នល់ងរងរបួសធ្ងន់ធ្ងរ ដោយក្រោយកើតហេតុ អ្នកបើកបររថយន្តគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០១៩ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខដីឡូត៍ គ្មានលេខមួយកន្លែង ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទយីឌុប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D- 9567 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។ ចំណែកឯម៉ូតូរងគ្រោះ ម៉ាកហ្សូមើ ពណ៌ទឹកប្រាក់លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-0120 បើកបរដោយជនរងគ្រោះពីរនាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ រងរបួសធ្ងន់ទាំងពីរនាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះ ជិះម៉ូតូហ្សូមើមួយគ្រឿងមានគ្នាពីនាក់ តាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ចំណែករថយន្តបង្ក ធ្វើដំណើរស្របគ្នា ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យជាប់ជនរងគ្រោះពីក្រោមកង់រថយន្តអូសជិត ១០ ម៉ែត្រធ្លាក់ចិញ្ចើមផ្លូវខាងឆ្វេងដៃ រីឯជនរងគ្រោះម្នាក់ទៀតខ្ទាតលើផ្លូវរបួសធ្ងន់ធ្ងរទាំង២នាក់។

ក្រោយកើតហេតុសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ បានហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យឯកជនទាំងពីរនាក់។

បច្ចុប្បន្នរថយន្តបង្ក និងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាជាក្រោយតាមផ្លូវច្បាប់៕

មតិយោបល់