ព័ត៌មានជាតិ

សិស្សសាលាឥន្រ្ទទេវីជាអ្នកបិទគូទពីក្រោយ ពាក់ព័ន្ធសកម្មភាពឆក់កាបូប ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបពីបុរសម្នាក់ ដែលជិះលើកង់បីឥណ្ឌា តែមិនបានសម្រេច កាលពីវេលាម៉ោង១០និង៥០ នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តាយផ្លូវឧកញ៉ាម៉ុងរឹទ្ធី ឋិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថា ក្នុងហេតុការណ៍នេះ គេបានឃើញជនសង្ស័យម្នាក់ ពាក់អាវពណ៌ខ្មៅ ជិះម៉ូតូ Scoopy ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ដែលធ្វើដំណើរពីកើតទៅលិច តាមបណ្តាយផ្លូវម៉ុងរិទ្ធីតាមពីក្រោយកង់បីឥណ្ឌា ហើយក៏បានឃើញ ជនសង្ស័យម្នាក់ទៀត ដែលពាក់អាវពណ៌ស ជិះម៉ូតូ Scoopy ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 1GK-2192 ជាអ្នកចាំបិទគូទពីក្រោយ។
ស្របពេលនោះ គេក៏បានឃើញជនសង្ស័យ ដែលជិះម៉ូតូ Scoopy ពណ៌ខ្មៅ បានលូកដៃឆក់កាបូបរបស់បុរសម្នាក់ ដែលជិះលើកង់បី តែមិនបានសម្រេច ក៏បានជិះគេចខ្លួនបាត់ស្រមោល។

កងកម្លាំងរបស់អធិការខណ្ឌសែនសុខ បានតាមចាប់ភ្លាមៗ ក៏ឃាត់បានជនសង្ស័យម្នាក់ ដែលជិះម៉ូតូ Scoopy ពណ៌ស មានឈ្មោះ ពៅ សុខវឌ្ឍនា រៀនថ្នាក់ទី៨ នៃវិទ្យាល័យ ឥន្រ្ទទេវី។

សមត្ថកិច្ចកំពុងកសាងសណុំរឿង និងធ្វើការសាកសួរដើម្បីស្វែងរក នឹងចាប់ខ្លួន ជនសង្ស័យម្នាក់ទៀតដែលបានរត់គេចខ្លួន៕

មតិយោបល់