ភ្នំពេញៈ លោក ផេង រក្សា ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន បានប្រាប់ឲ្យ Post News ដឹងថា លទ្ធផលការងារសំខាន់ៗ ដែល ចំរើន សម្រេចបាន នាពេលកន្លងមក បើគិតត្រឹម ដំណាច់ឆ្នាំ២០១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន មានបុគ្គលិកសរុប ចំនួន ៣៥៧នាក់ ជាមួយការិយាល័យ ចំនួន ៣៤ប្រតិបត្តិការ ក្នុងបណ្តាខេត្ត និងរាជធានី ចំនួន ១៦កន្លែង ដែលបម្រើអតិថិជនសកម្ម ចំនួនប្រមាណ ៣ម៉ឺន ៩ពាន់នាក់ ដោយមានផលប័ត្រឥណទានសរុប ប្រមាណជាង ៩លានដុល្លារអាមេរិក។
លោកបានបន្តថា ចំរើន បានចំណាយពេលវេលា ប្រមាណ ២ ទៅ ៣ឆ្នាំដំបូង ក្នុងការបង្កើតឲ្យមាន នូវនិរន្តរភាព ផ្នែកប្រតិបត្តិការ សម្រាប់គ្រឹះស្ថាន ដោយក្នុងនោះ ចំរើន បានបើកសាខា គិតជាមធ្យម ចំនួន ៣ ក្នុងមួយឆ្នាំ នៅដើមឆ្នាំ២០០៩ គ្រឹះស្ថានមួយនេះ បានចុះបញ្ជីជាក្រុមហ៊ុន និងទទួលបានការអនុញ្ញាតិជាផ្លូវការ និងដោយស្របច្បាប់ ពីធនាគារជាតិ នៃកម្ពុជា ក្នុងការផ្តល់សេវា មីក្រូហិរញ្ញវត្ថុ។
នៅថ្ងៃទី០៣ ខែមេសា នេះ នៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីសហប្រតិបត្តិការអាជីវកម្ម លើសេវាកម្មបង់វិក្កយបត្រ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន លោក គង់ មាន នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន ទ្រូម៉ាន់នី មានប្រសាសន៍ថា បច្ចុប្បន្ន ប្រជាជនកម្ពុជា ប្រហែល ៩០ភាគរយ មិនទាន់ប្រើ សេវាកម្មធនាគារ នោះទេ ដែលជាហានិភ័យមួយ សម្រាប់ពួកគាត់ ចំពោះការបាត់បង់ ជាយថាហេតុ ដូច្នេះ ដើម្បីជួយសម្រួល តាមរយៈសេវាកម្មទាំងអស់នេះ ឲ្យកាន់តែរហ័សងាយស្រួល ព្រមទាំងមានសុវត្ថិភាព ទៀតផង៕
មតិយោបល់