ព័ត៌មានជាតិ

រថយន្តលុចស៊ីស RX400h បើកបុករថយន្តហ៊ីយ៉ានដាយស្លាប់ និងរបួសជាច្រើននាក់

ភ្នំពេញ: កាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាល២នាក់ បន្ទាប់ពីជិះរថយន្តលុចស៊ីស RX400h ទៅបុករថយន្តហ៊ីយ៉ាន់ដាយពេញទំហឹង ត្រង់ចំណុចផ្លូវបំបែកជាបី ក្នុងភូមិទួលកី
សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហួត សំអុល ភេទប្រុស អាយុជាង ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកងទ័ពវិស្វកម្ម នៅជិតរង្វង់មូលចោមចៅ រស់នៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកាបូល បានស្លាប់ចោលប្រពន្ធនិងកូនតូច អ្នកបើករថយន្តរងរបួសស្រាលឈ្មោះ ឆាយ សីហា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅជាមួយអ្នកស្លាប់ខាងលើ និងម្នាក់ទៀតដែលរងរបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ អ្នកទាំង៣នាក់ ជិះរថយន្តលុចស៊ីស RX400h ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AS-5066 ។

រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5183 អ្នកបើកបរបានបើកទ្វារចុះរត់បាត់ស្រមោល។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយ ធ្វើតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ខណ:មកដល់បំបែកជា៣ បានបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃចូលទៅផ្លូវ៣០ម៉ែត្រមិនប្រយ័ត្ន ក៏ស្រាប់តែមានរថយន្តលុចស៊ីស RX400h មួយគ្រឿង បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើងបញ្រ្ចាស់ទិសគ្នា បើកយ៉ាងលឿនបុកចំហៀងខាងស្តាំក្រោយពេញទំហឹង ក្រពឹតគៀប
អ្នកជិះជិតតៃកុង​ ប្រជាពលរដ្ឋបាននាំគ្នាជួយគាស់យកជនរងគ្រោះ មកក្រៅតែអកុសលបានស្លាប់បាត់ទៅហើយ។ តៃកុងរងរបួសស្រាល និងអ្នកអង្គុយក្រោយរងរបួសធ្ងន់ត្រូវបាន រថយន្តសាមុយដឹកទៅសង្រ្គោះផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯតៃកុងរថយន្តហ៊ីយ៉ាន់ដាយមិនមានរងរបួសទេ៕

មតិយោបល់