ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ យ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន រួចក៏ត្រូវម៉ូតូមួយគ្រឿងទៀតជិះបញ្ច្រាសទិសដៅចរាចរណ៍ មកបុកចំពីមុខពេញទំហឹង ត្រង់ចំណុចខាងលិចស្ពានអាកាស៧មករាប្រមាណ ៥០០ម៉ែត្រ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕
ជនរងគ្រោះឈ្មោះ អាន លីមអេន ភេទប្រុស អាយុ៣៤ ឆ្នាំ ជាអ្នកបើករថយន្តឲ្យព្រះសង្ឃនៅវត្តនាគវ័ន្ត មានស្រុកកំណើតភូមិឡឥដ្ឋ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ស្លាប់)។
ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ បើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FP-4369 ធ្វើដំណើរពីលិចទៅកើត ឆ្ពោះទៅស្ពានអាកាស៧មករាល្បឿនយ៉ាងលឿន ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រី មស៊េរី០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1N-9228 បើកបរដោយបុរសពីរនាក់ក្នុងល្បឿនលឿន បញ្រ្ចាសទិសដៅចរាចរណ៍ លុះជិះមកដល់ចំណុចកើតហេតុ ដែលមានស្ថានភាពកោង ម៉ូតូនោះចូលទៅអៀប និងរបាំងថ្មពុះចែកទ្រូងផ្លូវ រួចក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះខាងលើចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទាំងសងខាង។ ចំណែកឯបុរសរងគ្រោះខាងលើបានដួលបោកអូសទៅ និងថ្នល់បែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកឯបុរសពីរនាក់ទៀត ដែលជិះបញ្ច្រាស បានរងរបួសធ្ងន់ធ្ងរទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនសម្ភពរស្មីដឹកយកទៅសង្គ្រោះភា្លមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕










មតិយោបល់