ព័ត៌មានជាតិ

​​អ្នកចូលចិត្តហូបគុយទាវប្រយ័ត្នផង! ​សមត្ថកិច្ចរកឃើញ​សរសៃគុយទាវ​មានផ្ទុកសារធាតុគីមី​…

ព្រៃវែងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែងសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅក្នុងផ្សារពោធិ៍កន្លែង ស្ថិតនៅភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើផលិតផលគំរូម្ហូបអាហារមួយចំនួន ដូចជា៖សរសៃគុយទាវ នំបញ្ចុក នំបាញ់ហយ ត្រីងៀត ស្ករត្នោត សណ្តែកបណ្តុះ ត្រពាំងជ្រក់ លតស្វិត ដំណាប់ល្ហុង ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

​ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ ប៉ូរ៉ាក់ ក្នុងសរសៃគុយទាវ ចំនួនសរុប ៥.១ គីឡូក្រាម។ ដោយឡែកទំនិញមិនមានភាពអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលសរុបចំនួន ៥២.៥ គីឡូក្រាម និងទឹកបរិសុទ្ទ ម៉ាក អូគិថាណា ចំណុះ ៥០០ មីលីលីត្រ ចំនួន ៧២ ដប ត្រូវបានមន្ត្រីជំនាញធ្វើការដកហូតយកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ។
បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត និងបានឱ្យតំណាងម្ចាស់ផលិតផលទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត។

ក្នុងឱកាសនោះដែរ មន្ត្រីសាខាកាំកុងត្រូលបានណែនាំ និងចែកខិត្តប័ណ្ណអប់រំដល់អាជីវករ ឱ្យយល់ដឹងអំពីអនាម័យនៃការដាក់លក់ចំណីអាហារ ជៀសវាងធ្វើឱ្យផលិតផលខូចគុណភាព មានចម្លងមេរោគ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ​៕

មតិយោបល់