បន្ទាយមានជ័យៈ លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់អង្គភាព Post News ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ថា កម្លាំងជំនាញអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មក្នុងក្រុងជាយដែនមួយនេះ។ ការឃាត់ធ្វើឡើងកាលពីវេលាម៉ោង១ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យដែលបានឃាត់ខ្លួន មានឈ្មោះ ចំរើន យូម៉ុង ភេទប្រុស អាយុ២៣ឆ្នាំរស់នៅក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងថ្នាំប្រភេទមេតំហ្វេតាមីនម៉ាទឹកកចំនួន១កញ្ចប់តូចស្មើនិង០.៣៣ក្រាមនិងទូរស័ព្ទដៃ១គ្រឿង។
ក្រោយធ្វើការសាកសួររួចមក កម្លាំងអាវុធហត្ថក្រុងបានបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់បន្ថែមទៀត ១/មានឈ្មោះស្ងួន បូរី ភេទប្រុស អាយុ៣០ឆ្នាំ ២/មានឈ្មោះគី ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាងមានថ្នាំប្រភេទមេតំហ្វេតាមីនម៉ាទឹកកចំនួន៤កញ្ចប់តូចស្មើនឹង៣.៦៧ក្រាម និងទូរស័ព្ទដៃ៤គ្រឿងទៀត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលលើការងារយុត្តិធម៌បានឲ្យដឹងថា ក្រោយពីបានចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់