ព័ត៌មានជាតិ

កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ តាម​ចាប់ខ្លួន​ជន​បោក​លុយ​ពលរដ្ឋ​ប្រមាណ​ ៣០​លាន​ដុល្លារ​ ក្រោម​រូបភាព​ Forex​ Trading​

ភ្នំពេញៈ​ យោងផេកនគរបាលជាតិ បានឲ្យដឹងថា កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ចាប់ខ្លួន​បុរស​ម្នាក់​ ក្រោយ​ឆរ​បោក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ សរុប​អស់​ប្រមាណ​៣០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ក្រោម​រូបភាព​ដាក់​ប្រាក់​វិនិយោគ​ទិញ​ភាគហ៊ុន​ (Forex​ Trading)​ នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន​ត្រឡប់​មក​វិញ​។​
​លោក​ឧត្តមសេនីយ៍ទោ​ ហួម​ តាំង​ហឿ​ត​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ដែល​ដឹកនាំ​ប្រតិបត្តិការ​នេះ​ បាន​ថ្លែងប្រាប់​បណ្ដាញ​ព័ត៌មាន​នគរបាល​ជាតិ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ ជនសង្ស័យ​មានឈ្មោះ​ ឈឺ​ យ៉ា​រី​ អាយុ​៣៤​ឆ្នាំ​ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃនេះ​ ក្រោយ​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៩​ នៅ​ខេត្ត​ព្រះ​សីហ​នុ​។​

​លោក​ឧត្តមសេនីយ៍ទោ​ ហួម​ តាំង​ហឿ​ត​ បាន​អះអាង​ថា​ ការ​ចាប់ខ្លួន​នេះ​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ និង​មានការ​បញ្ជា​ណែនាំ​ពី​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​,​ អគ្គស្នងការ​រង​ទទួល​ផែន​នគរបាល​យុត្តិធម៌​ និង​ចង្អុលបង្ហាញ​ពី​ លោក​ឧត្តមសេនីយ៍ឯក​ ង៉េ​ង​ ជួ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​

​ប្រភព​ព័ត៌មាន​ដដែល​ បាន​បញ្ជាក់​ទៀត​ថា​ ជនសង្ស័យ​ខាងលើ​ បាន​ប្រើ​ល្បិច​បញ្ចុះបញ្ចូល​ឲ្យ​ជន​រង​គ្រោះជា​ច្រើន​នាក់​ ដាក់​ប្រាក់​វិនិយោគ​លើ​ការ​ជួញដូរ​ រូបិយប័ណ្ណ​អន្ដរជាតិ​ (Forex​ Trading)​ ដោយ​អះអាង​ថា​ នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​។​ ប៉ុន្ដែ​ក្រោយមក​ ជនសង្ស័យ​បាន​យក​ប្រាក់​ហើយ​គេចខ្លួន​បាត់​ ទើប​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​ជា​បន្ដបន្ទាប់​។​

​បើ​តាម​លោក​អនុប្រធាន​នាយកដ្ឋាន​ ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ កម្លាំង​ជំនាញ​បាន​បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ រហូត​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ខាងលើ​ ដែល​បាន​គេចខ្លួន​ទៅ​ដល់​ខេត្ត​ព្រះ​សីហ​នុ​ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្ដង​ ទើបបាន​បញ្ជូន​មក​ធ្វើការ​សួរនាំ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ និង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

មតិយោបល់