ព័ត៌មានជាតិ

(ព័ត៌មានបន្ថែម)៖ អគ្គិភ័យឆេះឃ្លាំងរបស់លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចខេត្តសៀមរាប ខាតបង់ប្រាក់អស់ជាច្រើនម៉ឺនដុល្លារ

សៀមរាបៈ យោងតា​មផេកមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីភ្លើងឆេះឃ្លាំងដាក់សម្ភារមួយកន្លែង ដែលបានឆេះសម្ភារអស់គ្មានសល់ ស្ថិតនៅខាងក្រោយឆៀងខាងកើត ហាងចៅសាំងហុក ក្នុងក្រុមទី២០ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលជារបស់ឈ្មោះ លឹម ភក្តី ភេទប្រុស អាយុ៣៨ឆ្នាំ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចខេត្តសៀមរាប ។

ឃ្លាំងដាក់សម្ភារនេះ ធ្វើអំពីដែក ជញ្ជាំងស័ង្កសីប្រក់ស័ង្កសី ប្រវែង៧គុណនឹង៨ម៉ែត្រ ដែលខូចខាតទាំងស្រុង និងសម្ភារប្រើប្រាស់ផ្សេងៗ រួមមាន៖ ឡាបូលាងដៃចំនួន២៦គ្រឿង , ចានបង្គន់ចំនួន២៦គ្រឿង , កំរាលព្រហ្មចំនួន ២៥ ដុំ និង ផ្កាជ័រមានតម្លៃប្រហែល៥ពាន់ដុល្លារអាមេរិក ហើយសរុបជាទឹកប្រាក់ប្រហែល ៥ម៉ឺនដុល្លារអាមេរិក ។

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា មូលហេតុដែលនាំឲ្យកើតមានអគ្គិភ័យនេះ គឺបណ្ដាលមកពីកម្មករដែលបម្រើការនៅទីនោះ បោះចោលកន្ទុយបារី ដែលខ្លួនកំពុងជក់ទៅលើផ្កាជ័រ និងលើកំរាលព្រហ្ម ខណៈពេលឃើញម្ចាស់ឃ្លាំងដើរមករក ហើយកុំឱ្យម្ចាស់ឃើញ បានមួយសន្ទុះក៏មានអណ្តាតភ្លើងឆេះឡើង និង ពេលកើតហេតុ មានរថយន្តពន្លត់អគ្គិភ័យចំនួន០៨គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន ហើយអគ្គិភ័យបានរលត់ទាំងស្រុងនៅវេលាម៉ោង១៣និង២០នាទី ៕

មតិយោបល់