ព័ត៌មានជាតិ

Update៖ គួរឲ្យរន្ធត់ណាស់! ក្មេងស្រីអាយុ ៤ឆ្នាំ បានរត់ឆ្លងផ្លូវតាមម្ដាយចូលផ្សារ ត្រូវរថយន្តដឹកដីបុកកិនស្លាប់ យ៉ាងអាណោចអធ័ម

បន្ទាយមានជ័យ: ក្មេងស្រីម្នាក់ដែលឪពុកម្តាយកំពុងពេញស្រលាញ់​ បានរត់ឆ្លងផ្លូវតាមម្តាយទៅទិញម្ហូប​ ត្រូវបានរថយន្តដឹកដី​បុក​ កិនស្លាប់យ៉ាងអាណោចអាធម​ ។ ហេតុការណ៍​ដ៏គួរឲ្យរន្ធត់នេះបានកើតឡើង​វេលា​​ម៉ោង ១៧និង១៥​នាទី​​ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០១៩​ នៅចំណុចមុខផ្សារពង្រ ស្ថិតក្នុង​ភូមិពង្រ សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ​។

បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា​ ក្មេងស្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ លិន ស្រីណាន់ អាយុ៤ឆ្នាំ នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុ​ គេឃើញម្តាយដឹកក្មេងស្រីរងគ្រោះមកទិញម្ហូបនៅផ្សារពង្រ​ ដោយទុកកូនឲ្យនៅចាំម៉ូតូ​ រួចដើរឆ្លងផ្លូវទៅទិញម្ហូប​ ស្រាប់តែកូនស្រីបានរត់តាមពីក្រោយម្តាយ​ដោយមិនដឹងខ្លួន ស្របពេលនោះក៏មានរថយន្តដឹកដីប្រភេទកង់​១០ ដឹកដី​ មួយគ្រឿង​ពាក់ស្លាក់លេខ​ បន្ទាយមានជ័យ​ 3A-2222 បានបុក​ និងកិនក្មេងស្រីនោះ​ខ្ទេច​មើលលែងយល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ ។ ចំណែកម្ចាស់រថយន្តមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ក្រោយពេលកើតហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅនឹងកន្លែង​ភ្លាមៗ ហើយបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ខេត្តតែម្តង ព្រោះក្រែងកើតមានអំពើហិង្សាពីក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅទីនោះ​ ។

ក្រោយមកសមត្ថកិច្ចបានធ្វើការវាស់វែង ចំពោះវត្ថុតាងរថយន្ត នគរបាលចរាចរណ៍ខេត្តយកទៅរក្សាទុក​ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់​ ។ រីឯសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ច​ ប្រគល់ជូនក្រុមគ្រួសារ​ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី​។

ទាក់ទិនទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍ បើតាមការរៀបរាប់ពីប្រជាពលរដ្ឋនៅទីនោះ បាននិយាយរិះគន់យ៉ាងចាស់ដៃ ចំពោះរថយន្តដឹកដី ដែលធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៥៦A ​នេះ គឺតែងតែបើកបរលឿនៗ មិនគិតថាទីប្រជុំជននោះទេ ពិសេសគឺពួកអ្នកបើកបរស៊ីឈ្នួលឲ្យគេ ព្រោះអាងថាមិនមែនរថយន្តរបស់ខ្លួន ហើយបើមានបញ្ហាគឺម្ចាស់រថយន្តជាអ្នកចូលខ្លួនដោះស្រាយ៕

មតិយោបល់