ភ្នំពេញៈ រថយន្តដឹកបេតុងមួយគ្រឿង បើកបោះពួយល្បឿនលឿន ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករះរថយន្ត៣គ្រឿង រ៉ឺម៉ក២គ្រឿង ដែលកំពុងឈប់ចតចាំភ្លើងស្តុប កាលពីវេលាម៉ោង៥ និង២៥នាទីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតចំណុចលើផ្លូវ២០០៤ ភ្លើងស្តុប កែងផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុ ក៏ដូចជា អ្នកបើកបររថយន្តរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលយានជំនិះ ធ្វើដំណើរពីកើតទៅលិច លើផ្លូវ២០០៤ ឈប់ចតស្ងៀម រង់ចាំភ្លើងស្តុប ស្រាប់តែរថយន្តបង្ក ប្រភេទដឹកបេតុង ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1561 បើកល្បឿនលឿន បោះពួយពីកើតទៅលិច ដល់ចំណុចខាងលើ ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករះ រុលផ្ទប់រថយន្ត៣គ្រឿង រ៉ឺម៉ក២គ្រឿង បណ្ដាលឲ្យរងខូចខាត ។
ទិដ្ឋភាពនៅកន្លែងកើតហេតុ យានយន្តរងគ្រោះទី១ រថយន្ត ព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0892 រងការខូចខាតខ្ទេចទាំងមុខ-ក្រោយ ។ ទី២ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-9882 ខ្ទេចផ្នែកខាងក្រោយ ទី៣ រថយន្តហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AV-4506 ទី៤ រ៉ឺម៉កម៉ូតូ ដឹកទ្វារដែក ក្រឡាប់ផ្ងារជើង កៀបជាប់នៅកណ្តាលគេ អ្នកបើកបររងរបួសស្រាល និងទី៥ ម៉ូតូកង់បី ពណ៌លឿង មួយគ្រឿងផងដែរ រងការខូចខាតក្រពឹតផ្នែកខាងក្រោយ។
ករណីខាងលើនេះ ពុំបង្កឲ្យមានអ្នករងរបួសនោះ គ្រាន់តែអ្នកបើកបររ៉ឺម៉កម្នាក់ ប៉ះជើងបន្តិចបន្តួច រីឯម៉ូតូកង់បី យល់ថា ក្រពឹតតិចតួច មិននៅវែងឆ្ងាយរកសំណង់ ក៏បានសុំចាកចេញទៅ ។
ក្រោយកើតហេតុភ្លាមៗ នគរបាលប្រចាំគោលដៅភ្លើងស្តុប អន្តរាគមន៍ផងដែរ ដើម្បីសម្រួលចរាចរណ៍ កុំឲ្យកកស្ទះ ហើយអ្នកបើកបររថយន្តបង្ក មិនហ៊ានចុះ រហូតដល់ សមត្ថកិច្ច យករថយន្ត រងគ្រោះនីមួយៗចេញ ទើបឲ្យអ្នកបើកបរចុះ និងឃាត់ខ្លួននាំទៅផ្នែកជំនាញ ។ ករណីខាងលើនេះ ខូចខាតរថយន្ត៣គ្រឿង រ៉ឺម៉កម៉ូតូមួយគ្រឿង សមត្ថកិច្ច ប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង រួមទាំងជនបើកបររថយន្តបង្កផង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់