ភ្នំពេញៈ បុរសម្នាក់បានសម្រេចចិត្ត លោតពីលើអគារកម្ពស់២ជាន់ បំណងសម្លាប់ខ្លួន តែមិនស្លាប់ បណ្តាលឲ្យរងរបួសបាក់ជើងទាំងសងខាង បន្ទាប់ពីឈ្លោះគ្នា ជាមួយប្រពន្ធ កាលពីវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចសំណង់ទើបសាងសង់ នៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ លឹម ថន ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជិតកន្លែងកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីអ្នកជិតខាង បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានឈ្លោះ ជាមួយប្រពន្ធ ធ្វើឲ្យប្រពន្ធ បាននាំកូនចុះចោលផ្ទះបាត់។
ក្រោយពីប្រពន្ធនិងកូនទៅបាត់ បុរសជាប្តីតែងតែង អង្គុយផឹកស្រាតែម្នាក់ឯង រហូតដល់ម៉ោងកើតហេតុ ជនរងគ្រោះក៏សម្រេចចិត្តឡើង ទៅលើអគារជាន់ទី២ ដែលកំពុងសាងសង់រួចលោតចុះមកក្រោម បំណងសម្លាប់ខ្លួន តែមិនស្លាប់ បណ្តាលឲ្យបាក់ជើងទាំងសងខាង ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅរថយន្តសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ៕
មតិយោបល់