ព័ត៌មានជាតិ

Update: អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងសល់តែផេះ

កំពង់ធំៈ លោកយាយ ម្នាក់ទ្រហោយំ ដោយការសោកស្តាយ ខណៈពេលដែលអគ្គីភ័យ បានឆេះផ្ទះរបស់គាត់ព្រមទាំងបន្សល់នៅតែផេះ នៅពេលគាត់រវល់តែធ្វើបុណ្យនៅក្នុងវត្តក្តីដូង ទុកផ្ទះឲ្យកូនស្រីពិការងងឹត ភ្នែកម្នាក់ឲ្យចាំផ្ទះ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៩៖៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ឡុង មុត ភេទស្រី អាយុ៧៦ឆ្នាំ ចាស់ជរា រស់នៅជាមួយកូនស្រីម្នាក់ ពិការភ្នែក និងដុះសាច់សព្វពេញរាងកាយ ភេទស្រី អាយុ ៣៣ឆ្នាំ ខណៈដែលភ្លើងឆេះផ្ទះ កូនស្រីរបស់លោកយាយ ឡុង មុត បានវាចេញពីផ្ទះ ទើបមិនបានបង្ករឲ្យមាន គ្រោះថ្នាក់ដល់អាយុជីវិត។

លោកយាយ ឡុង មុត ជាម្ចាស់ផ្ទះបាននិយាយទាំងអួលដើមករ ស្របពេលដែលទឹកភ្នែកហូរព្រិចៗ ដោយពោលពាក្យនូវការសោកស្តាយ ខណៈ​ដែលជីវភាពរបស់គាត់ក្រលំបាក គ្មានមុខរបរ ថែមទាំងបានខ្ចី លុយអង្គការរបស់ស្ថាប័នមួយ ចំនួន៩០០ដុល្លារ ទុកសម្រាប់ប្រើការ ព្រមទាំងប្លង់ដី និងសំណុំឯកសារនានា ត្រូវបានក្លាយជាចំណីអគ្គិភ័យអស់ ក្នុងមួយប៉ព្រិចភ្នែក។ លោកយាយបានបន្តថា លោកយាយមានកូន៣នាក់ មានប្រពន្ធកូន២នាក់ទៅរស់នៅភ្នំពេញ ហើយបានសាងសង់ផ្ទះមួយខ្នងដែលមានទំហំ ៥គុណ៦ ឲ្យគាត់រស់ នៅជាកូនស្រីដែលពិការ ដោយធ្វើអំពើឈើ និងប្រកស័ង្កសី។

តាមសាក្សីដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា លោកយាយមានមុខរបរ គ្រូ​ទាយចូលរូប នៅថ្ងៃ កើតហេតុ លោកយាយត្រូវបានគេអញ្ជើញទៅធ្វើបុណ្យនៅវត្ត ហើយប្រហែលជាភ្លេចពន្លត់ភ្លើងធូប ទើបបានជាបណ្តាលឲ្យឆាបឆេះផ្ទះសំបែង នៅពេលកើតហេតុ លោកវរសេនីយ៍ត្រី ខេន ឈុនគ័រ អធិការស្រុក កំពង់ស្វាយ បានដឹកនាំកម្លាំងពន្លត់អគ្គិភ័យ ចុះពន្លត់ភ្លើងឆេះផ្ទះ ក្នុង​នោះលោកអធិការបានសម្តែងនូវការ សោកស្តាយព្រមទាំងបានជូនថវិការចំនួន១០ម៉ឺនរៀល ជូនដល់លោក​យាយ​គ្រាន់ទិញអាហារបណ្តោះអាសន្ន ហើយនិងរាយការណ៍ទៅថ្នាក់លើ ដើម្បីនាំយកអំណោយមកផ្តល់ជូនគ្រួសារលោកយាយ បន្តទៀត៕

មតិយោបល់