ព័ត៌មានជាតិ

ព្រឹត្តិការណ៍ F8 ដ៏ធំប្រចាំឆ្នាំ ចាប់ផ្តើមឡើងយប់នេះហើយ! ទាំងនេះ គឺជាអ្វីដែលលោកអ្នកគួរដឹងពីវា

ព្រឹត្តិការណ៍ដ៏ធំមួយរបស់ក្រុមហ៊ុនបណ្តាញសង្គម Facebook មានឈ្មោះថា F8 នឹងចាប់ផ្តើមនៅម៉ោង ១២ យប់ថ្ងៃអង្គារនេះហើយ។ វាជាព្រឹត្តិការណ៍ជំនួបប្រចាំឆ្នាំរវាងក្រុមអ្នកអភិវឌ្ឍកម្មវិធី ដែលរៀបចំឡើងដោយនឹងផ្តោតសំខាន់ទៅលើការអភិវឌ្ឍកម្មវិធី និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុន និងមានរយៈពេលពីរថ្ងៃ គឺនៅយប់ថ្ងៃនេះមួយថ្ងៃ និងយប់ថ្ងៃស្អែកមួយថ្ងៃទៀត ក្នុងពេលម៉ោងដូចគ្នា។

ខាងក្រោមនេះ គឺជាអ្វីដែលលោកអ្នកគួរដឹង និងជាការរំពឹងទុករបស់ក្រុមអ្នកតាមដានព្រឹត្តិការណ៍៖

របៀបទស្សនាការផ្សាយផ្ទាល់

  • ចូលទៅកាន់គេហទំព័រ “Facebook F8” ដើម្បីទស្សនាការផ្សាយផ្ទាល់ ឬចំណុចសំខាន់ៗដែលនឹងស្រង់ចេញពីព្រឹត្តិការណ៍
  • ចូលទៅកាន់ទំព័រ Facebook ឈ្មោះ “F8 Online Experience” ដើម្បីតាមដានសម្រង់ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងព្រឹត្តិការណ៍

អ្វីដែលរំពឹងទុកថានឹងចេញ

សេវាកម្ម និងផលិតផលថ្មីៗពីក្រុមហ៊ុន Facebook នឹងត្រូវបានប្រកាសឡើង ចាប់ពីកម្មវិធី Facebook និង Messenger រហូតដល់ចំណាប់អារម្មណ៍ផ្សេងៗរបស់ក្រុមហ៊ុន ជាពិសេស ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា VR (Virtual Reality)។

Group Bots

ប្រភេទកូនកម្មវិធីដែលត្រូវបានច្របាច់បញ្ចូលក្នុងកម្មវិធី Messenger នេះ នឹងត្រូវបានបង្កើនសមត្ថភាពរបស់វាឱ្យអាចប្រើប្រាស់បានក្នុងវេទិកាសន្ទនាគ្នា ឬជជែកកម្សាន្តជាក្រុម ឬហៅថា Group Chat ដែលវានឹងជួយឱ្យសមាជិកក្នុងវេទិកា កាន់តែងាយស្រួលក្នុងការតាមដានព័ត៌មាន លេងហ្គេម និងប្រើសេវាកម្ម E-Commerce ជាដើម។ល។

កម្មវិធី Instagram ប្រើ Offline

កម្មវិធីបណ្តាញសង្គមរូបថត Instagram អាចនឹងចេញកម្មវិធីជំនាន់ថ្មី ដោយមានបន្ថែមមុខងារសម្រាប់ប្រើប្រាស់ដែលមិនចាំបាច់តភ្ជាប់ជាមួយប្រព័ន្ធអីុនធើណែត។ ការប្រកាសអំពីកំណែប្រែថ្មីនេះ ត្រូវបានគ្រោងក្នុងកាលវិភាគនៃព្រឹត្តិការណ៍រួចទៅហើយ ហើយវាគឺជាសញ្ញាណនៃភាពជោគជ័យរបស់កម្មវិធី Facebook Lite និង Messenger Lite ដែលចុងក្រោយនេះ មានចំនួនអ្នកប្រើប្រាស់ ២០០ លាននាក់។

មុខងារកែកុនរូបភាពក្នុងកម្មវិធីកាមេរ៉ារបស់ Facebook

តាមរយៈព្រឹត្តិការណ៍ F8 នេះ ក្រុមហ៊ុនបណ្តាញសង្គម Facebook នឹងលើកពីគម្រោងបន្ថែមមុខងារ ឬឧបក​រណ៍កែកុន​រូបភាពទៅក្នុងកម្មវិធីកាមេរ៉ារបស់ខ្លួន។ ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី អាចនឹងទទួលបានការជំរុញទឹកចិត្តឱ្យបង្កើតឧបករណ៍កែកុន និងដាក់ស៊ុមលើរូបភាព-វីដេអូសម្រាប់ដាក់បញ្ចូលក្នុងកម្មវិធី។ ជាការពិត ក្រុមការងាររបស់ Facebook គឺមានសមត្ថភាពបង្កើតឧបករណ៍ និងស៊ុមទាំងនោះ ប៉ុន្តែ ពួកគេមិនអាចបង្កើតអ្វីបានគ្រប់យ៉ាងនោះទេ។ ដូច្នេះ ដោយមានការចូលរួមរបស់ក្រុមអ្នកអភិវឌ្ឍកម្មវិធី Facebook នឹងមានសក្តានុពលបន្ថែមទៀតក្នុងការប្រកួតប្រជែងជាមួយបណ្តាញសង្គម Snapchat។

វ៉ែនតា VR

កាលពីព្រឹត្តិការណ៍ F8 ឆ្នាំមុន លោក Mark Zuckerberg ប្រធានក្រុមហ៊ុន Facebook បានបើកបង្ហាញវ៉ែនតា VR អាចបង្ហាញរូបភាព-វីដេអូបែបរង្វិលជុំ ៣៦០ ដឺក្រេ រួចទៅហើយ ប៉ុន្តែសម្រាប់ឆ្នាំនេះវិញ បើតាមព័ត៌មានចចាមអារ៉ាម ក្រុមហ៊ុនអាចនឹងប្រកាសចេញវ៉ែនតាប្រភេទនេះ របស់ខ្លួនឯងផ្ទាល់តែម្តង។

Post Tech នឹងស្រង់យកព័ត៌មានសំខាន់ៗដែលត្រូវបានប្រកាសឡើងអំឡុងព្រឹត្តិការណ៍ដែលមានរយៈពេលពីរថ្ងៃនេះ ជូនប្រិយមិត្តបានជ្រាបបន្ថែមជាមិនខាន៕

ប្រភពព័ត៌មានៈ digitaltrends

មតិយោបល់