ព័ត៌មានជាតិ

Update៖ ហ៊ីយ៉ាន់ដាយ បើកបុកម៉ូតូសេ១២៥ ស្លាប់ម្នាក់តាមផ្លូវ ពេលសាច់ញាតិដឹកទៅពេទ្យ

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់ ហើយបានស្លាប់តាមផ្លូវ អំទ្បុងពេលដែលសាច់ញាតិដឹកតាមរ៉ឺម៉កម៉ូតូ យកទៅពេទ្យ ក៏ដឹកវិលត្រឡប់មកកន្លែងកើតហេតុវិញ ដោយក្រុមគ្រួសារមិនអស់ចិត្ត ស្របពេលដែលរថយន្តគ្លីនិកទៅដល់ ក៏ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅមុខផ្សារ KC ភូមិចម្ការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយទ្រុង ដឹកចំណីសត្វ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1574 បើកបរដោយឈ្មោះ ជោត ផាន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ បើបររថយន្ត ស្នាក់នៅផ្ទះជួលភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
ចំណែកជនរងគ្រោះ ស្លាប់ក្នុងករណីខាងលើ ឈ្មោះ ហូយ គៀងហេង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មេជាងជួសជុលម៉ាស៊ីនដេរ មានកូនចំនួន៣នាក់ មានទីលំនៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជិះម៉ូតូ មួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-2911 ។

ប្រភពដដែលបន្តទៀតថា រថយន្តបើកពីជើងទៅត្បូង ដល់ចំណុចខាងលើ បុកម៉ូតូសេ១២៥ស្របទិស បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ ដឹកតាមរ៉ឺម៉ក យកទៅពេទ្យ តែជនរងគ្រោះបានស្លាប់តាមផ្លូវ ក៏ដឹកវិលមកកន្លែងដើមវិញ ដោយមិនអស់ចិត្ត ដឹកបញ្ជូនតាមរថយន្តគ្លីនិក ទៅពេទ្យកាល់ម៉ែតទៀត តែទោះជាយ៉ាងណាក៏ជនរងគ្រោះនៅមិនអាចរស់ឡើងវិញបានដែរ មានតែដឹកយកទៅផ្ទះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។

តាមសម្តីអ្នកបើកបររថយន្តបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកចំណីសត្វ ចេញពីខណ្ឌសែនសុខ ក្នុងគោលបំណង់យកទៅស្រុកអង្គស្នួល ដោយបើកកាត់តាមផ្លូវខាងលើ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ អែបរថយន្ត រកទិញទឹកហូប តែមិនបានឃើញជនរងគ្រោះ ជិះម៉ូតូខាងមុខក៏ជ្រុលបុកតែម្តង ក្នុងដំណើរស្របទិសគ្នា ។

ករណីខាងលើ រថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបរផង បានប្រគល់ទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់