ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ និងលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងកងកម្លាំងនគរបាលខណ្ឌ នាំយកនូវទៀនព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ រួមនិងសម្ភារបរិក្ខារ ព្រមទាំងបច្ច័យមួយចំនួន ដែលជាអំណោយរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដើម្បីយកទៅប្រគេនដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៤វត្តក្នុងខណ្ឌព្រែកព្នៅ ។
នាឱកាសនោះលោក ឃួង ស្រេង បានលើកឡើងថា ក្រោមការយកចិតទុកដាក់ និងណែនាំពីសំណាក់លោក ប៉ា សុជាតិវង្ស និងលោកស្រី ក្រុមការងារសាលាខណ្ឌព្រែកព្នៅ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងថវិកាមួយចំនួន មកប្រគេនដល់ព្រះសង្ស ដែលកំពុងគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅចំនួន ៤វត្ត រួមមាន៖ ទី១ វត្តចាន់បុរីវង្ស ទី២ វត្តជេតថាឧត្តម ហៅវត្តគ្រួស ទី៣ វត្តសុវណ្ណរាសីរតនារាម ហៅសំរោងកណ្តាល ទី៤ វត្តអង្គសិរីសួស្តី ហៅសម្រោងត្បូង ។
លោកអភិបាលរងសាលារាជធានី បានបញ្ជាក់ថា វត្តនីមួយៗទទួលបានទៀនព្រះវស្សា ១គូរ ស្លាដក ១កញ្ចប់ ប្រេងម៉ាស៊ូត ៣០លីត្រ អង្ក ២បាវ ស្ករស ១បាវ ទឹកក្រូច ៣កេស ទឹកសុទ្ធ ៥កេស មីយើង ២កេស និងបច្ច័យចំនួន ១លាន៣៥ម៉ឺនរៀលផងដែរ ។
ដើម្បីជួយដល់ការលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើនលូតលាស់ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ក្រោមការដឹកនាំពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ។
នៅព្រឹកថ្ងៃដដែលនោះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងក្រុមការងារបានបន្តនាំយកទេយ្យវត្ថុជាច្រើន និងបច្ច័យទៅប្រគេនដល់វត្ត ប្រាសាទ ដែលមានទៀនព្រះវស្សា ១គូរ ស្លាដក ១កញ្ចប់ ប្រេងម៉ាស៊ូត ៣០លីត្រ អង្ក ២បាវ ស្ករស ១បាវ ទឹកក្រូច ៣កេស ទឹកសុទ្ធ ៥កេស មីយើង ២កេស និងបច្ច័យចំនួន ២៥ម៉ឺនរៀល ។
ព្រះចៅអធិការវត្តទាំង៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំសាលារាជធានី និងសាលាខណ្ឌ ដែលមានលោក សុខ សម្បត្តិ អភិបាលខណ្ឌ ដែលបាននាំយកទេយ្យវត្ថុជាច្រើន និងបច្ច័យមកប្រគេនដល់វត្ត ដែលមានព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ៕






























មតិយោបល់