ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ម៉ោង១៦ និង៣០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ដាវី ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

មុនពេលកើតហេតុ សមត្ថកិច្ចចេញល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកើតហេតុ ក៏ជួបជនសង្ស័យកំពុងជិះម៉ូតូម៉ាក Honda Wave ដោយមានការសង្ស័យសមត្ថកិច្ច ក៏ឃាត់ត្រួតពិនិត្យ និងរកឃើញវត្ថុតាងមួយចំនួន ដែលជនសង្ស័យលាក់ក្នុងកាបូបស្ពាយ ពណ៌ខ្មៅស្ពាយជាប់ខ្នង។

ដកហូតវត្ថុតាង៖ ម៉ូតូម៉ាក Honda Wave ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ ១D-៣៤១៥, កន្រ្តៃកាត់ដែក១, ម៉ូទ័រ១, ញញួរដែក១ និងកូនសោគ្រាប់មួយឈុត។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់