ព័ត៌មានជាតិ

ជិះម៉ូតូវ៉ារថយន្ត មិនប្រយ័ត្នបុកសួនចែកផ្លូវ ដួលខ្ទាតចូលក្រោមកង់រថយន្ត កិនចំក្បាលធ្លាយខួរស្លាប់ និងរបួស ២នាក់

ភ្នំពេញៈ យុវជនម្នាក់ បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម័ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន បានវ៉ារថយន្តជ្រុលទៅបុកសួនចែកផ្លូវ បណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ កិនចំក្បាលខ្ទេច រួចរថយន្តបើកគេចស្រមោល។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩ និង៣០យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចជិតរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះឈ្មោះ ជា រតនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅតំបន់សេដ្ឋកិច្ចពិសេស ខណ្ឌកំបូល មានស្រុកកំនើតភូមិអន្សោម ឃុំអន្សោម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

យោងតាមប្រភពពីជនរងគ្រោះ ដែលជិះខាងក្រោយ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ បានជិះម៉ូតូស្គុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CF 6616 ជិះចេញពីផ្ទះជួលនៅតំបន់សេដ្ឋកិច្ច គោលបំណងទៅយកសង្សារនៅស្ទឹងមានជ័យ ដើម្បីយកមកចូលក្លឹបស៊ូម ដោយធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុ បានបើកវ៉ារថយន្តកុងតឺន័រ បណ្ដាលជ្រុលទៅបុកសួនចែកផ្លូវ ដួលម្ចាស់ម៉ូតូខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ កំពុងធ្វើដំណើរស្របគ្នា ក៏កិនចំក្បាលបែកធ្លាយខួរស្លាប់ភ្លាមៗ និងម្នាក់ខ្ទាតមកខាងស្ដាំរងរបួសធ្ងន់ ចំណែករថយន្តកុងតឺន័រ ក្រោយពីដឹងថា កិនមនុស្សស្លាប់ហើយ ក៏បន្ថែមល្បឿនបើកគេចបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះ ដែលរងរបួសត្រូវរថយន្តគ្លីនិចឯកជនសម្ភរស្មី ដឹកយកទៅព្យាបាល។
ចំណែកសព បន្ទាប់ពីសមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យ ចុះមកធ្វើកំណត់ហេតុរួច ក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកម៉ូតូរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ៕

មតិយោបល់