បន្ទាយមានជ័យៈ នៅវេលាម៉ោង០៨និង ១០នាទីព្រឹកថ្ងៃ០១ ខែសីហា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្តបើកច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់ (ស្រី) លើផ្លូវជាតិលេខ១៥៩សេ ត្រង់ភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមី ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ លេខតួលេខម៉ាស៊ីន 8742496 ពាក់ស្លាកលេខ1N 6225 អ្នកបើកបរឈ្មោះ ព្រឿង គឹមឡាង ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ១៥៩សេ ។
លុះមកដល់ចំណុចកើតហេតុ បានបើកឡើងជែង និងរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ដែលធ្វើដំណើរស្របទិសគ្នា តែវ៉ាមិនផុត ក៏ទាក់ដៃម៉ូតូដួល ទៅចូលនិងរថយន្តមួយគ្រឿងម៉ាក លុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2B 5659 អ្នកបើកបរ មិនស្គាល់ឈ្មោះ (គេចខ្លួនបាត់) បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១៥៩សេ ទិសដៅច្រាស់គ្នា។
ដោយទ្បែកអ្នកបើកម៉ូតូ ធ្លាក់ខ្ទាតទៅកណ្តាលផ្លូវ ត្រូវរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក កិនចំក្បាលស្លាប់ភ្លាមៗតែម្តង រួចរថយន្តបើកគេចខ្លួនបាត់ ។
មូលហេតុ៖ ម៉ូតូបើកឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រោយកើតហេតុ សមត្ថកិច្ច បានយកវត្ថុតាងរថយន្ត និងម៉ូតូមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីរង់ចាំដោះស្រាយពេលក្រោយ។
សូមបញ្ជាក់៖ ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទាក់ទងទូរស័ព្ទទៅមន្ត្រីសមត្ថកិច្ចនគរបាល ចង់បានព័ត៌មានលម្អិតពីដំណើររឿង ប៉ុន្តែលោកបានឆ្លើយតមមកវិញថា មានការហាមពីលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ស្ដីបន្ទោស ហាក់បីដូចជាមិនចង់ផ្ដល់ព័ត៌មានដល់អ្នកកាសែត ធ្វើឲ្យពិបាកស្វែងរកប្រភព ផ្សាយព័ត៌មានដល់មហាជន ទទួលបានព័ត៌មានពិតៗ។ យ៉ាងណាមិញសារព័ត៌មាន Post News រង់ចាំបំភ្លឺពីលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដូចអ្វីដែលមន្ត្រីនិយាយប្រាប់ដែរឬយ៉ាងណា ព្រោះនេះជាករណីគ្រោះថ្នាក់ចរាចរណ៍ មិនមែនជារឿងព្រហ្មទណ្ឌទេ៕
មតិយោបល់