ក្រចេះ: បន្តសំណុំរឿងក្នុងអំពើលួចម៉ូតូរបស់សិស្សសាលាចំនួន ៤គ្រឿង ក្រោយការឃាត់ខ្លួននិងនាំមកសាកសួរ ជនសង្ស័យឈ្មោះ ណាង ភារី ហៅទី ដែលជាប់សង្ស័យ ក្នុងអំពើលួចម៉ូតូរបស់សិស្សសាលាចំនួន ៤គ្រឿង ចេញពីផ្ទះរៀនគួរមួយកន្លែង ក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ កាលពីព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូទាំង៤គ្រឿងនោះមែន។
ដំណើររឿង៖ សកម្មភាពលួចម៉ូតូទាំង ៤គ្រឿងនោះ ជនសង្ស័យបានដឹកតាមរថយន្ត និងយកទៅទម្លាក់នៅផ្លូវលំមួយកន្លែងចំណុចវាលអណ្តាស ព្រំប្រទល់ជាប់និងឃុំដា និងឃុំកន្ទួត ស្រុកចិត្របុរី។ ដើម្បីឲ្យគ្នីគ្នាជាបក្ខពួករបស់គេនៅចាំទទួលជិះជម្លៀសគេចបន្ត។
នៅនឹងចំណុចនោះ នគរបាលបានរកឃើញមានស្លាកលេខម៉ូតូចំនួន៣ ដែលក្រុមជនសង្ស័យបានកាច់ពីម៉ូតូទម្លាក់ចោលនៅតាមជាយផ្លូវ។
នៅរសៀលថ្ងៃទី៣១ ខែកក្កដា នគរបាលបានបន្តការចុះទៅឆែកឆេរលំនៅឋានរបស់ជនម្នាក់នេះ នៅចំនុច ភូមិរហា ឃុំស្រែចារ ស្រុកស្នួល និងបានរកឃើញមានម៉ូតូឌ្រីមសង់១គ្រឿង ដែលលាក់នៅក្នុងផ្ទះ។
ចំពោះម៉ូតូរបស់សិស្សដែលពួកគេ បានធ្វើសកម្មភាពលួចនិងជិះជម្លៀសទៅបាត់នោះ កម្លាំងនគរបាលព្រហ្មទណ្ឌកំពុងតែតាមស្រាវជ្រាវបន្តទៀត៕
មតិយោបល់