ភ្នំពេញៈ យុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង ខណៈប្រុសស្រី៣នាក់ទៀត ជិះម៉ូតូដេញតាមក្រោយ ហើយស្រែកថា ចោរៗនិងដេញវាយពីក្រោយផង បណ្តាលភ័យស្លន់ស្លោររេចង្កូតឡើងលើចិញ្ចើមផ្លូវ ទៅបុកខឿនផ្ទះប្រជាពលរដ្ឋ រួចបន្តទៅបុករថយន្តមួយគ្រឿង ដែលម្ចាស់ចតស្ងៀមនៅខាងមុខផ្ទះពេញទំហឹង បណ្តាលរងរបួសធ្ងន់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខសាលវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រពពីប្រជាពលរដ្ឋម្នាក់ ឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HR-5811 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈនោះក៏មានយុវជនប្រុសស្រីបីនាក់ទៀត ជិះម៉ូតូឌ្រីមសង់មួយគ្រឿង មិនចាំស្លាកលេខ ដេញមកពីក្រោយ ហើយបានស្រែកថាចោរៗ ធ្វើយុវជនទាំងពីរនាក់ភ័យស្លន់ស្លោរ ខ្លាចគេដេញវាយក៏បន្ថែមទៀត។
លុះមកដល់ចំណុចកើតហេតុខាងលើ គាប់ជួននិងផ្លូវកោងផងនោះ បានកាច់ចង្កូតមិនទាន់រេទៅខាងស្តាំដៃ ឡើងទៅលើចិញ្ចើមផ្លូវជ្រុលទៅបុកខឿនផ្ទះប្រជាពលរដ្ឋ រួចបន្តទៅបុករថយន្តមួយគ្រឿងម៉ាកFORTUNER ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2Y-1148 ដែលម្ចាស់ចតស្ងៀមនៅមុខផ្ទះ ទិសដៅពីកើតទៅលិច ចំផ្នែកខាងក្រោយចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់របួសជើងម្ខាងធ្ងន់ និងម្នាក់ទៀតសន្លប់ស្តូកស្តឹង។ បន្ទាប់មកយុវជនប្រុសស្រីទាំងបីនាក់នោះ បានឈប់ម៉ូតូ រួចដើរចូលទៅទាត់ពីរទៅបីជើងបន្ថែមទៀត ហើយនាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់អស់។
ក្រោយកើតហេតុយុវជនទាំងពីរនាក់ រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិកហុង ហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូ និងរថយន្តសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោក ស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់