ភ្នំពេញៈ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បើកឆ្លងផ្លូវត្រូវបានរថយន្តព្រូសមួយគ្រឿង បើកមកបុកចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ញារជើង និងរងរបួសភ្ញៀវលើកង់បីម្នាក់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងទៀបភ្លឺឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរប៉ុស្ត៍នគរបាលរដ្ឋបាលទឹកល្អក់ទី ២ ស្ថិតតាមបណ្ដោយផ្លូវ២៥៣ កែងនឹងផ្លូវ១៦០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ បើកបរម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ម៉ាកបាចា ពណ៌លឿង ភ្នំពេញ1GT-3215 មានភ្ញៀវប្រុសស្រីពីរ ទៅបីនាក់ទៀត រួមដំណើរពីក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៥៣ ក្នុងទិសដៅពីត្បូងទៅជើង។
លុះមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងកាត់ផ្លូវ១៦០ តែខណៈពេលដែលឆ្លងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AX-8120 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ១៦០ ក្នុងទិសដៅពីលិចទៅកើត ជាមួយល្បឿនលឿន ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាបីខាងលើ ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់បីក្រឡាប់ផ្ញារជើងរងការខូចខាត និងអ្នករួមដំណើរនៅលើម៉ូតូកង់បី របួសស្រាល ត្រូវបានសាច់ញាតិដឹកតាមម៉ូតូកង់បី យកទៅសង្គ្រោះនៅឯគ្លីនិកឯកជន ដែលនៅក្បែរនោះ។ ចំណែកឯរថយន្តរងការខូចខាតក្រពឹត និងបែកចង្កៀងខាងមុខ។
ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយជួយធ្វើការសម្របសម្រួលភាគីទាំងសងខាង ដោយអ្នកបើកបររថយន្តមិនចង់មានរឿងវែងឆ្ងាយ ក៏ព្រមយកម៉ូតូកង់បី ទៅជួសជុលអោយឡើងវិញ និងចេញថ្លៃព្យាបាលឱ្យអ្នករបួស ដើម្បីបញ្ចប់នៅកន្លែងកើតហេតុ៕
មតិយោបល់