បាត់ដំបងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមាន សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតនៅក្នុងទឹកប្រឡាយ ដោយមិនទាន់ដឹងអំពីមូលហេតុនៃការស្លាប់នោះឡើយ ហើយចំពោះសព ក៏មិនទាន់មានអ្នកណាម្នាក់បានស្គាល់ អំពីអត្តសញ្ញាណនៅឡើយដែរ។
លោក ម៉ៅ សារីទ្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបវេលបានបញ្ជាក់ថា សពត្រូវបានប្រទះឃើញកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងប្រឡាយទឹក ស្ថិតក្នុងភូមិសាំងរ៉ាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដោយសពនេះទើបតែចាប់ផ្តើមអណ្តែតត្រឹមតែក្បាលប៉ុណ្ណោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។
លោកបានបន្តថា ក្រោយពេលសមត្ថកិច្ចជំនាញបានស្រង់ឡើងមកលើគោកទើបដឹងថា សពជាមនុស្សប្រុសវ័យប្រហែល៤០ឆ្នាំ ដោយគ្មានអ្នកណាម្នាក់បានស្គាល់ អំពីសាវតានោះឡើយ ប៉ុន្តែបើតាមសំដីចាស់ៗ ដែលនៅក្នុងវត្តសាំងរ៉ាំងបាននិយាយថា ប្រហែលជា៣ថ្ងៃកន្លងមកនេះ គឺគេតែងតែឃើញជនរងគ្រោះរូបនេះបានទៅអង្គុយផឹកស្រានៅខាងមុខវត្តតែម្នាក់ឯង ដោយមិនមានការនិយាយស្តីរកអ្នកណាទាំងអស់ដែលម្នាក់ៗបានសន្និដ្ឋានថា ជនរងគ្រោះអាចជាមនុស្សអនាថា ឬក៏ជាមនុស្សវិកលចរិក ព្រោះមានពេលខ្លះ ក៏គេមានវត្តមាននៅតាមកន្លែងរោងបុណ្យដែរ ដោយប្រជាពលរដ្ឋបានហុចលុយឲ្យ៥០០ឬ១ពាន់រៀល គេក៏យកទៅទិញស្រាផឹកតែម្តង ដោយគ្មានខ្វល់អ្វីទាំងអស់។
ក្រោយពេលពិនិត្យទៅលើខ្លួនប្រាណសពរួច គឺសមត្ថកិច្ចបានបញ្ជាក់ថា មិនមានស្លាកស្នាមណា ដែលគួរឲ្យសង្ស័យថា ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះឡើយ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះអាចផឹកស្រាស្រវឹង ហើយចុះទៅងូតទឹកប្រឡាយ ដែលមានជម្រៅ ប្រហែលមួយម៉ែត្រកន្លះ ទើបបណ្តាលឲ្យលង់ទឹកស្លាប់បែបនេះ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសុំគោលការណ៍ ដើម្បីប្រគល់សពទៅឲ្យអាជ្ញាធរ ឬក៏ប្រគល់ទៅឲ្យអាចារ្យវត្តសាំងរ៉ាំង ដើម្បីបូជាតែម្តងព្រោះដោយសារតែសពគ្មានសាច់ញាតិ៕
មតិយោបល់