ភ្នំពេញៈ យុវជនម្នាក់ បានបើករថយន្តព្រូសយ៉ាងលឿន រួចបត់ឆ្វេងមិនប្រយ័ត្នក៏ជ្រុលទៅបុកស្លាកសញ្ញាផ្សាយពាណិជ្ជកម្ម metfone ហើយបន្តទៅបុករបងផ្ទះពលរដ្ឋទៀត បណ្ដាលឲ្យខូចខាតរថយន្តយ៉ាងដំណំ និងដាច់ទុយោហូរទឹកពេញផ្លូវ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២និង ៣០នាទីយប់ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវហាណូយ និងជិតក្លោងទ្វារវត្តសំរោងអណ្ដែត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អ្នកបើករថយន្តមិ នត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញយុវជនម្នាក់ និងរួមដំណើរដោយយុវជនម្នាក់ទៀត បានបើករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX.6224 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បួងចង្កូតបត់ឆ្វេងដៃ ក៏ជ្រុលឡើងលើចិញ្ចើមផ្លូវ បុកស្លាកសញ្ញាផ្សាយពាណិជ្ជកម្ម metfone បណ្ដាលឲ្យបាក់ ១ដើម រួចបន្តទៅបុករបងផ្ទះប្រជាពលរដ្ឋបាក់អស់ ១ផ្ទាំង និងធ្វើឲ្យបែកទុយោហូរទឹកពេញផ្លូវ ខណៈដែលរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយក៏បានសម្របសម្រួលគ្នា ជាមួយនិងម្ចាស់ផ្ទះត្រូវរ៉ូវគ្នា ដោយខាងរថយន្តបង្ក ចេញថ្លៃជួសជុលទៅលើការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
មតិយោបល់