បន្ទាយមានជ័យៈ មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណីកើតឡើង ២ថ្ងៃបន្តបន្ទាប់ ដោយឡែកពីគ្នា មួយករណីកើតនៅស្រុកថ្មពួកស្លាប់២នាក់ និងមួយករណីទៀតស្លាប់ម្នាក់នៅក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី អ៊ុយ ផល្លី អធិការរងនគរបាលស្រុកថ្មពួក បានឲ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទីយប់ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូបុករថយន្ត នៅចំណុចភូមិតាយឹងឃុំគំរូស្រុកថ្មពួកខេត្តបន្ទាយមានជ័យ លើផ្លូវជាតិលេខ២៥៦២ ក្នុងដំណើរច្រាស់ទិសគ្នាពីលិចមកកើតបណ្តាលឲ្យអ្នកបើកបរមូតូនិងអ្នករួមដណើរស្លាប់២នាក់នៅនិងកន្លែង។
លោកអធិការរងបានឲ្យដឹងទៀតថា ក្រោយពីកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងនគរបាលជំនាញចរាចរណ៍ បានចុះទៅធ្វើការត្រួតពិនិត្យនិងវាស់វែង កន្លែងកើតហេតុ ។ ជនរងគ្រោះឈ្មោះ លាវ ពិសិដ្ឋ ហៅសុទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ ជាមុខរបរកសិករ នៅភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតឈ្មោះ ឈួន ឈិន ភេទប្រុស អាយុ ៣៨ឆ្នាំ ជាកសិករនៅភូមិជាមួយគ្នា ។
តាមការឲ្យដឹងពីកន្លែងកើតហេតុ ជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.ជ 1Q.2836 បើកក្នុងទិដៅ ពីលិចទៅកើត ដល់ចំណុចកើតហេតុបានបុកជាមួយរថយន្ត ម៉ាកឡុចស៊ីស RX300 ពណ៌ស្កពាក់ស្លាកលេខ ភ្នំពេញ 2M-8901 បើកបរក្នុងទិសដៅ ច្រាសទិសគ្នាពីកើតទៅលិច អ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះ រត់គេចខ្លួនបាត់ ។ ចំពោះមូលហេតុបង្កឲ្យមានគ្រោះថ្នាក់អ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំបើករេពេញផ្លូវសង្ស័យស្រវឹង។ សពជនរងគ្រោះក្រោយពីពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ចំពោះវត្ថុតាងម៉ូតូនិងរថយន្តយកមករក្សាទុកនៅកន្លែងកើតហេតុ រង់ចាំធ្វើការដោះស្រាយពេលក្រោយ មួយករណីទៀត នៅក្រុងប៉ោយប៉ែត រវាងរថយន្តបុកជាមួយម៉ូតូស្លាប់ម្នាក់ ។ លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរខេត្ត បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៥០នាទីយប់ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិច វត្តអណ្ដូងថ្មមាសប្រហែល ៨០០ម៉ែត្រ ស្ថិតក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១០០ពណ៌ ព្រីងទុំ ពុំមានស្លាកលេខ បើកបរដោយឈ្មោះ ហិន វិត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកនាយរងការិយាល័យបានឲ្យដឹងទៀតថា មុនពេលកើតហេតុ អ្នកម៉ូតូបានបើកបរឆ្លងផ្លូវពីទិសខាងត្បូងទៅទិសខាងជើង ពេលឆ្លងបានបន្តិចស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ១៥ កៅអី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-7014 (ក្តាប់អត្តសញ្ញាណអ្នកបើកបរពុំទាន់បាន) បើកបរ ទិសដៅពីខាងលិចទៅទិសខាងកើតបានបុកម៉ូតូឆ្លងផ្លូវខាងលើ បណ្ដាលឲ្យគ្រោះថ្នាក់ស្លាប់អ្នកបើកម៉ូតូតែម្ដង។
មូលហេតុ៖ បង្កឲ្យកើតមានគ្រោះថ្នាក់នេះ គឺអ្នកបើកម៉ូតូ ឆ្លងផ្លូវ ពុំមានភ្លើងបំភ្លឺផ្លូវ ចំណែករថយន្តបើកលឿន ។ សពជនរងគ្រោះក្រោយធ្វើការត្រួតពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងម៉ូតូនិងរថយន្ត យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងប៉ោយពែ់ត រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយផងដែរ៕
មតិយោបល់