ព័ត៌មានជាតិ

អតីតបុគ្គលិកហាងមីហិរ Seoul វាយបំផ្លាញទ្រព្យក្នុងហាង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ នៅវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩
មានករណីធ្វើឲ្យខូចខាតដោយចេតនា នៅចំណុច ហាងមីហិរ Seoul ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ឡាង សុធាវី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ហាងមីហិរ Seoul មានទីលំនៅសព្វថ្ងៃនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ រាជធានីភ្នំពេញ ។ ជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ ឃាង គីមពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងជាអតីតបុគ្គលិកហាងលក់មីហិរ Seoul ខាងលើ មានទីលំនៅសព្វថ្ងៃនៅភូមិ-ឃុំកើតហេតុ ។

វត្ថុតាងចាប់យក៖
-ប្រេងសាំង ចំនួន ០១ដបទឹកបរិសុទ្ធ ចំណុះ ០,៥លីត្រ ។

ដំណើររឿង៖ កន្លងមកជនសង្ស័យ គឺជាបុគ្គលិកធ្វើការ ក្នុងហាងលក់មីហិរ Seoul ស្ថិតក្នុងភូមិកើតហេតុ ក្រោយមកត្រូវបានជនរងគ្រោះ ជាម្ចាស់ហាង បានបញ្ឈប់ជនសង្ស័យពីការងារ ។ លុះនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីយប់ ស្រាប់តែជនសង្ស័យឈ្មោះ ឃាង គីមពេជ្រ បានទៅក្នុងហាងខាងលើ ដោយបានវាយបំផ្លាញតុ និងជញ្ជាំងហាង ព្រមទាំងគំរាម យកដបសាំងទៅបម្រុងដុតហាងទៀតផង ដោយសារតែខឹង នឹងថៅកែបញ្ឈប់ពីការងារ ហើយពុំព្រមទទួលឲ្យចូលធ្វើការវិញ តែពុំបានដុតហាងទេ រួចត្រូវបានម្ចាស់ហាង ធ្វើដំណើរពីភ្នំពេញមកទាំងយប់ ឃើញដបសាំងនោះ ក៏បានប្រគល់ជូននគរបាលតែម្ដង។

រហូតដល់ពេលកើតហេតុ ស្រាប់តែជនសង្ស័យ ដដែលខាងលើនេះ មិនខ្លាចរអារ ដើរចូលទៅក្នុងហាងរករឿង រកវាយបុគ្គលិក និងវាយបំផ្លាញតុ កៅអី ក្នុងហាង ខូចខាតមួយចំនួនថែមទៀត តែលើកនេះ ត្រូវបានបុគ្គលិក ក្នុងហាងចាប់ ឃាត់ខ្លួនជាប់ រួចប្រគល់ជូននគរបាលតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់