ព័ត៌មានជាតិ

ភ្លើងប្រចណ្ឌ! យកលេសប្រពន្ធមិនដាំបាយ ប្ដីទាញកណ្ដៀវមកកាប់ បណ្ដាលឲ្យរងរបួស

កណ្ដាល: កាលពីវេលាម៉ោង១០ និង០០នាទីព្រឹកទី២០ ខែកក្កដា ឆ្នាំ២០១៩ មានករណីហិង្សាក្នុងគ្រួសារ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ លាង លី ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ( ត្រូវជាប្រពន្ធរបស់ជនសង្ស័យ)។ ជនសង្ស័យឈ្មោះ ណូវ ហេង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន)។

វត្ថុតាងដកហូតបាន៖ កណ្ដៀវដងឬស្សី ផ្លែដែក ចំនួន ០១ ។

ដំណើររឿង៖ កន្លងមកប្រពន្ធបានទៅរកស៊ីលក់លៀសនៅភ្នំពេញ រយ: ពេល៥ខែ ទើបមកផ្ទះម្តង ដោយឡែកជនសង្ស័យជាប្ដី បាននៅផ្ទះជាមួយកូនធ្វើស្រែ និងឃ្វាលគោ។ ជនសង្ស័យជាប្ដី តែងតែមានការ ប្រចណ្ឌប្រពន្ធជាហូរហែរ ដោយចោទថាប្រពន្ធមានប្រុសក្មេង ។ ដោយនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ ជនរងគ្រោះជាប្រពន្ធ បានវិលត្រឡប់ពីភ្នំពេញមកលេងផ្ទះ សម្រាកបានមួយយប់ ជនសង្ស័យជាប្ដី បានរអ៊ូរទាំក្នុងលក្ខណ:ប្រចណ្ឌ ប៉ុន្តែមិនទាន់បានធ្វើសកម្មភាពអ្វីទេ ។

លុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ពេលព្រឹកប្រពន្ធ បានធ្វើដំណើរទៅទិញថ្នាំពេទ្យ នៅស្រុកកោះធំ ម៉ោង ៩ និង០០នាទីព្រឹក ប្រពន្ធក៏វិលត្រឡប់មកវិញ ពេលនោះជនសង្ស័យជាប្ដីបានរករឿង ហើយយកលេសថា ប្រពន្ធមិនដាំបាយហូប ក៏មានទំនាស់ពាក្យសម្ដី រហូតដល់វេលាម៉ោង ១០ និង០០នាទី ថ្ងៃខែឆ្នាំដដែល ពេលប្រពន្ធកំពុងដាំបាយ ជនសង្ស័យជាប្ដីបានយកកណ្ដៀវមកកាប់ប្រពន្ធ បណ្តាលឲ្យរបួសជាទម្ងន់ ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រីឯជនសង្ស័យ ត្រូវបានសមត្ថកិច្ច បានឃាត់ខ្លួន រួមជាមួយវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់