ភ្នំពេញៈ រថយន្តដឹកដីមួយគ្រឿង បានបើកបុករុញរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង អូសទទឹងផ្លូវ ប្រមាណជាង២០ម៉ែត្រ សំណាងហើយ អ្នកបើកបរ ដែលជាមន្រ្តីយោធាគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១១ និង៣០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៩ នៅតាមផ្លូវលេខ ៥៩៨ ខាងជើង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងភូមិ ខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។
រថយន្តដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣A-៤៣០៥ បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណឡើយ ។ ចំណែក រថយន្តម៉ាកកូរ៉ូឡា ស៊េរី៩៦ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២D-៥៥៨៩ បើកបរ ដោយលោកវរៈសេនីយ៍ សួស សុវណ្ណារ៉ា ជាមន្រ្តីយោធា មានលំនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទាំង ២គ្រឿង ធ្វើដំណើរ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង។ នៅពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុ រថយន្តដឹកដីដែលនៅខាងឆ្វេងដៃ បានបុករថយន្តម៉ាកកូរ៉ូឡាផ្នែកខាងក្រោយ បណ្តាលឲ្យរថយន្តនោះ រេទៅទទឹងផ្លូវពីមុខ ហើយត្រូវរថយន្តដឹកដីបុកអូសទទឹងផ្លូវ ប្រមាណជាង២០ម៉ែត្រទើបឈប់ បណ្តាលឲ្យរថយន្តកូរ៉ូទ្បាបែកកញ្ចក់ក្រពឹតជាប់។
ប្រភពដដែល បានបន្តថា ករណី ពុំបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរឡើយ ដោយម្ចាស់ក៏បានរំកិលខ្លួន ទៅខាងស្តាំដៃគេផុតពីគ្រោះថ្នាក់។
តាមលោកវរៈសេនីយ៍ សួស សុវណ្ណារ៉ា ជាម្ចាស់រថយន្តកូរ៉ូឡា បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានចេញពីធ្វើការនៅអគ្គបញ្ជាការដ្ឋានកងខេរៈភូមិន្ទ (ដេអិន) គោលបំណងត្រឡប់ទៅផ្ទះ ពេលធ្វើដំណើរ ស្រាប់តែរថយន្តដឹកដីមកបុករថយន្តគាត់ពីក្រោយ ហើយ រុញទៅទទឹងផ្លូវបុកអូសតែម្តង។
ដោយឡែកសម្ដីអ្នកបើកបរ រថយន្តដឹកដីវិញ បានឲ្យដឹងថា មកពីរថយន្តកូរ៉ូឡា បើកចេញកាត់មុខ។
ក្រោយកើតហេតុ នគរបាលបានចុះទៅវាសវែង រួចយករថយន្តទាំង២គ្រឿង បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយពេលក្រោយ៕
មតិយោបល់