ព័ត៌មានជាតិ

បុរសម្នាក់រងរបួសបន្ទាប់ពី ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុកពេញទំហឹង

កណ្ដាលៈ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៨និង១៥នាទី លើកំណាត់ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៣០-៣១ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បុរសម្នាក់ទទួលរងរបួសធ្ងន់ ខណៈបើកបរម៉ូតូបត់ឆ្លងផ្លូវ ធ្វើឲ្យរថយន្ដមួយគ្រឿងទៀតបើកមកពីមុខដោយល្បឿនលឿនឈប់មិនទាន់ បានបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឯម បូរិន ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរម៉ូតូម៉ាក SUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1O-0330 (រងរបួសធ្ងន់) រីឯអ្នកបើកបររថយន្ដឈ្មោះ សាយ ហេងវង្សវិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) បើកបររថយន្ដម៉ាក TOYOTA PRIUS ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2T-3964 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដមួយគ្រឿងម៉ាក TOYOTA PRIUS ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីពអ្នកលឿងឆ្ពោះទៅភ្នំពេញ ដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងម៉ាក SUZUKI VIVA ដែលធ្វើដំណើរផ្ទុយគ្នា ហើយឆ្លងផ្លូវពីស្ដាំទៅឆ្វេង ចូលទៅខាងស្តាំដៃ នៃរថយន្ត បណ្តាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូ រងរបួសបាក់ភ្លៅខាងស្តាំ រីឯរថយន្ដ ក្រោយពីមានហេតុការណ៍កើតឡើង បានបើករត់គេច ទៅដល់ឃុំគគីរ ស្រុកកៀនស្វាយ ទើបសមត្ថកិច្ច ឃាត់បានទាំងរថយន្ដនិងអ្នកបើកបរ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយឡែក មធ្យោបាយពាក់ព័ន្ធ ត្រូវបាននគរបាលជំនាញស្រុក ចុះមកធ្វើការពិនិត្យ វាស់វែងរួចកសាងឯកសារដកហូតយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ការសន្និដ្ឋានរបស់សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះបណ្តាលមកពីអ្នកបើករថយន្តបើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នមើលស្ថានភាពផ្លូវខាងមុខ រីឯអ្នកបើកបរម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រយ័ត្ន មិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកឆ្លងកាត់ផ្លូវ ទើបបានជាមានរឿងហេតុបែបនេះកើតឡើង ៕

មតិយោបល់