ព័ត៌មានជាតិ

Update៖យាយតាស្រែកយំ ព្រោះចៅស្រីកម្សត់ខំចញ្ចឹមតាំងពីតូចព្រោះឪពុកម្តាយលែងលះគ្នាត្រូវរថយន្តកិនស្លាប់ភ្លាមៗ ខណៈដែលជិតការកូនមួយទៀត

ភ្នំពេញៈ ក្មេងស្រីម្នាក់រត់ឆ្លងផ្លូវត្រូវបានរថយន្តមិនចាំម៉ាកកិនបែកក្បាលខ្ទេចស្លាប់ភ្លាមៗ យ៉ាងអាណោចអធ័ម ជីដូន និងជីតា ស្រែកទ្រហោយំ ខណៈដែលរថយន្តបង្កបើករត់គេចទៅបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤៤នាទី រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវលំ ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះ ឈ្មោះ ពៅ តាំងលី អាយុ៧ឆ្នាំ ជាសិស្សរៀននៅមណ្ឌលកុមារព្រៃល្វា រស់នៅជាមួយជីតាឈ្មោះ ចេវ ពីន អាយុ៥១ឆ្នាំ មុខរបរកម្មករពត់ដែក នៅក្បែរកន្លែងកើតហេតុនិង ជីដូនឈ្មោះ ង៉ាក់ ហួត អាយុ៤៩ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅជាមួយគ្នា កន្លែងកើតហេតុ មានស្រុកកំណើតភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

តាមប្រភពពីសាច់ញាតិ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានម្តាយ ឈ្មោះ ពៅ ធារ៉ា អាយុ២៧ឆ្នាំ បម្រើការងារនៅឯក្រុងបាវិត ខេត្តស្វាយរៀង ក្រោយពីលែងលះគ្នាជាមួយប្តី ចំណែកក្មេងស្រីរងគ្រោះត្រូវជាកូន​ បានជីដូន ជីតា យកមកចិញ្ចឹមបីបាច់ រស់នៅជាមួយ នៅកន្លែងកើតហេតុ រហូតមកដល់រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក៏ជួបគ្រោះស្លាប់បែបនេះតែម្តង ។

បើតាម ស្ត្រីឈ្មោះវង់ ស្រីមុំ អាយុ៣៩ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅកន្លែងកើតហេតុ ត្រូវជាអ៊ុំស្រីរបស់ក្មេងរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ក្មួយស្រីរបស់គាត់ បានសុំជីដូន ដែលនៅក្បែរនោះ មកលេងផ្ទះគាត់ លុះដល់វេលាម៉ោងកើតហេតុ គ្រាដែលគាត់សម្រាន ក្មួយស្រីរងគ្រោះប្រាប់ថា ទៅយាយវិញហើយ ដោយមិនចាប់អារម្មណ៍ មិននឹកស្មានដល់ ព្រោះនៅក្បែរនោះក៏មានកម្មវិធី មានចាក់ធុងបាស់ មិនបានឮសម្រងរថយន្តទេ រហូតដល់អ្នកភូមិ មកប្រាប់ មានក្មេងរថយន្តកិនស្លាប់ ទើបនាំគ្នាផ្អើលឆោឡោ រថយន្តបង្កបើកគេចទៅបាត់ហើយ ។

បើតាមអ្នកភូមិបានឲ្យដឹងថា អំឡុងពេលកើតហេតុ មានរថយន្តដឹកគ្រឿងចក្រ ចេញពីក្នុងភូមិមួយគ្រឿង ទើបនៅកន្លែងកើតហេតុ សន្និដ្ឋានបានថា មានតែរថយន្តដឹកគ្រឿងចក្រទេ ដែលបើកកិនក្មេងរងគ្រោះស្លាប់ ។

តាមជីដូនរបស់ក្មេងរងគ្រោះ បានឲ្យដឹងថា ស្រែកទ្រហោយំថា មុនកើតហេតុ ចៅស្រីរបស់គាត់ សុំទៅលេងផ្ទះអ៊ុំរបស់វា ដោយមិននឹកស្មានដល់ មានរថយន្តបើកកិនស្លាប់បែបនេះ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យដល់ទីតាំងខាងលើ រួចប្រគល់សាកសពក្មេងស្រីជូនក្រុមគ្រួសារ ចាត់ចែង រៀបចំធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចបន្តស្រាវជ្រាវ ស្វែងរករថយន្តបង្ក ៕

 

មតិយោបល់