ព័ត៌មានជាតិ

ស្ងាត់ៗ វេជ្ជបណ្ឌិត ហេង សេងហ៊រ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដែលរងបណ្តឹងពីអ្នកគ្រូពេទ្យម្នាក់ ប៉ុនប៉ងចាប់រំលោភ នៅក្នុងបន្ទប់ទឹក

កំពង់ឆ្នាំងៈ បែកធ្លាយរឿងវេជ្ជបណ្ឌិតម្នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ឈ្មោះ ហេង ម៉េងហ៊ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ តាំងពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ មកម្ល៉េះ។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ហេង ម៉េងហ៊ ត្រូវនគរបាលតាមចាប់ខ្លួនសួរនាំ ក្រោយរងការចោទថា បានប៉ងចាប់រំលោភអ្នកគ្រូពេទ្យម្នាក់ នៅក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ក្រោយមកក៏បានបញ្ជូនខ្លួនទៅកាន់តុលាការ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ដំណើររឿង៖ នៅយប់ថ្ងៃកើតហេតុ នារីរងគ្រោះ បានដើរចូលក្នុងបន្ទប់ទឹក ស្រាប់តែត្រូវលោកវេជ្ជបណ្ឌិត ចូលទៅតាមក្រោយ ហើយចាប់ឱបនាងពីក្រោយ ប៉ុនប៉ងរំលោភ ប៉ុន្តែនាងរងគ្រោះរើបម្រះរួច ហើយរត់ចេញមកក្រៅ សំដៅទៅគ្រែដេករបស់នាង នៅក្នុងមន្ទីរពេទ្យ។

ប៉ុន្តែវេជ្ជបណ្ឌិតរូបនោះ បន្តដេញតាមនាងរហូតទៅដល់បន្ទប់គេងទៀត ដោយចាប់នាង អង្អែលភ្លៅ ធ្វើឲ្យនាងភ័យ ហើយរត់ចេញពីបន្ទប់ដេក ទៅដេកជាមួយមិត្តភក្កិរបស់នាង ដែលជាគ្រូពេទ្យដូចគ្នា។ លោកវេជ្ជបណ្ឌិត ហេង សេងហ៊រ ជាគ្រូពេទ្យផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។

ទង្វើរបស់លោកវេជ្ជបណ្ឌិតរូបនេះ បានធ្វើឲ្យប៉ះពាល់ក្រមសីលធម៌ វិជ្ជាជីវ: ដល់ភាពថ្លៃថ្នូរ គ្រូពេទ្យដទៃទៀត នៅក្នុងប្រទេសដែលខិតខំបម្រើប្រជាពលរដ្ឋ និងសង្គម ប្រកបដោយភាពថ្លៃថ្នូរ៕

មតិយោបល់