ព័ត៌មានជាតិ

កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ បង្ក្រាប​គ្រឿងញៀន​ជិត​១០០​គីឡូក្រាម​ ផ្ញើ​ពី​អា​ល្លឺ​ម៉​ង់​ តាម​ប្រៃសណីយ៍​កម្ពុជា​ ឃាត់​ជនជាតិ​ចិន​ម្នាក់​

​ភ្នំពេញៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ សហការ​ជាមួយ​កម្លាំង​ចម្រុះ​ប្រចាំការ​នៅ​ប្រៃសណីយ៍​កម្ពុជា​ បាន​បង្ក្រាប​ថ្នាំ​ញៀន​ និង​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ ដែល​ផ្ញើ​មក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់​ តាម​ប្រៃសណីយ៍​កម្ពុជា​ លាក់​បង្កប់​ជាមួយ​ចំណី​សត្វ​ ជិត​១០០​គីឡូក្រាម​ ។​

​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៨​ថា​ ប្រតិបត្តិការ​បង្ក្រាប​ការ​លាក់​បង្កប់​គ្រឿងញៀន​ មក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់​នេះ​ បាន​ធ្វើ​ឡើង​ ដោយ​មាន​កិច្ចសហការ​គ្នា​រវាង​ កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ សហការ​ជាមួយ​កម្លាំង​ចម្រុះ​ប្រចាំការ​នៅ​ប្រៃសណីយ៍​កម្ពុជា​ ដឹកនាំ​សម្របសម្រួល​ពី​លោក​ រៀល​ សុ​ភិន​ ព្រះរាជអាជ្ញា​រង​ នៅ​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៨​។​

​ប្រភព​ព័ត៌មាន​ដដែល ​បាន​បញ្ជាក់​ថា​ ការ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​តាម​ប្រៃសណីយ៍​ ផ្ញើ​ចេញពី​ប្រទេស​អា​ល្លឺ​ម៉​ង់​ មក​ប្រទេស​កម្ពុជា​ ដោយ​លាក់​បង្កប់​ជាមួយ​ចំណី​សត្វ​ នៅ​ចំណុច​ប្រៃសណីយ៍​កម្ពុជា​ ផ្លូវ​លេខ​១០២​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ ជា​លទ្ធផល​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ ឈ្មោះ​ YAO​ ZEYE​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ និង​រឹបអូស​វត្ថុ​តាង​ គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់​ (Logo​ LV)​ អ៊ិ​ច​ស្តា​ស៊ី​ (MDMA)​ ទម្ងន់​សរុប​៩៨​គីឡូក្រាម​។​

​ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ ដើម្បី​ធ្វើការ​សួរនាំ​ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

មតិយោបល់