ព័ត៌មានជាតិ

Update៖វាំងននខ្មៅ នៃការស្លាប់របស់បុរសម្នាក់ក្នុងប្រឡាយចាក់សំរាម ត្រូវបានលាតត្រដាង

ភ្នំពេញ: បន្ទាប់ពីមានការភ្ញាក់ផ្អើល ក្រោយប្រទះឃើញសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណបានស្លាប់ក្នុងប្រឡាយចាក់សំរាម ដោយចងផ្អោបជាមួយដុំថ្មជាង១០គីឡូក្រាម កាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៤ ខែ១០ ឆ្នាំ២១០៦ នៅចំណុចតាមបណ្តោយផ្លូវលំ ខាងក្រោយសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញរួចមក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកចិត្តទុកដាក់ចង្អុលបង្ហាញ បញ្ជាផ្ទាល់ដល់ស្នងការនៃស្នងការដ្ឋានយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យដឹកនាំធ្វើការស្រាវជ្រាវលើករណីនេះឲ្យខាងតែបាន។

ក្រោមការដឹកនាំស្រាវជ្រាវស៊ើបអង្កេតរបស់ស្នងការយុត្តិធម៌អាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយអាវុធហត្ថខេត្តស្វាយរៀងធ្វើការកំណត់មុខសញ្ញាជនសង្ស័យបាន រហូតដល់វេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២០ ខែ១០ ឆ្នាំ២០១៦ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនដៃដល់ជាឃាតករបាន នៅម្តុំរោងចក្រកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមចម្លើយសារភាពរបស់ជនល្មើស បានបញ្ជាក់ថាខ្លួនពិតជាឃាតករសម្លាប់ជនរងគ្រោះដោយផ្ទាល់ដៃពិតប្រាកដមែន។ ដើមហេតុនៃរឿងឃាតកម្មនេះគឺ ឃាតករឈ្មោះ សូ ផា ហៅអ៊ូក អាយុ២៩ឆ្នាំ និងជនរងគ្រោះឈ្មោះ កៅ ផា អាយុ៥០ឆ្នាំ រាប់គ្នាជាឪពុកធម៌និងកូនធម៌ ។ រយ:ពេលជាងពីរខែមកនេះ ជនរងគ្រោះបានយកលុយដែលកូនធ្វើការនៅកូរ៉េផ្ញើមកឲ្យសន្សំទុកចំនួន ១២,០០០ដុល្លារ ទិញឡាន១២កៅអី រត់តាក់ស៊ី និងចាកចេញពីផ្ទះ មករស់នៅជាមួយប្រពន្ធចុង ទើបប្រពន្ធដើមរបស់ជនរងគ្រោះ បានប្រាប់ឈ្មោះ សូ ផា ជាកូនធម៌ ឲ្យជួយធ្វើយ៉ាងណាយកឡានរបស់ប្តីគាត់ ត្រឡប់ទៅផ្ទះវិញឲ្យបាន គាត់ឲ្យ១,០០០ដុល្លារ។ នៅថ្ងៃទី៩ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៣ល្ងាចឃាតករ បានទូរសព្ទ័មកជនរងគ្រោះដើម្បីជួលឡានទៅសៀមរាបក្នុងតម្លៃ២៥០ដុល្លារ ដោយប្រាប់ជនរងគ្រោះថាចាំទទួលគូដណ្តឹងមកពីប្រទេសកូរ៉េ នៅព្រលានយន្តហោះខេត្តសៀមរាប ដោយចេញដំណើរនៅថ្ងៃច័ន្ទ័ទី១០ ខែតុលា ឆ្នាំ២០១៦។ លុះនៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ជនរងគ្រោះបានទៅដល់ព្រលានយន្តហោះគេប្រាប់ថា មិនមានជើងយន្តហោះពីកូរ៉េមកចុះនៅសៀមរាបទេ ហើយក៏ត្រឡប់មកភ្នំពេញវិញជាមួយជនសង្ស័យ។ នៅតាមផ្លូវជនសង្ស័យបានដាក់ថ្នាំងងុយដេកក្នុងទឹកផ្លែឈើឲ្យជនរងគ្រោះផឹក តែជនរងគ្រោះមិនបានផឹក រហូតភ្លឺស្រាងៗមកដល់ព្រំប្រទល់សៀមរាបកំពង់ធំ ជនរងគ្រោះបានឈប់ឡានបម្រុងចុះបត់ជើងតូច ក៏ត្រូវជនសង្ស័យយកដំបងវាយកញ្ចឹងក និងក្បាល ចំពីក្រោយរហូតដល់ស្លាប់ និងលើកសពដាក់ឡានយកមកភ្នំពេញទុកចោលមួយថ្ងៃ ដល់ថ្ងៃទី១២ ខែ១០ ឆ្នាំ២០១៦ ទើបយកដុំថ្មចងផ្អោបជាមួយសាកសពទម្លាក់ចូលក្នុងប្រឡាយក្បែររោងចក្រកាណាឌីយ៉ាតែម្តង ហើយក៏សម្ងំលាក់ខ្លួនក្នុងផ្ទះជួលក្បែរហ្នឹង រហូតដល់ថ្ងៃទី២០ ខែ១០ ឆ្នាំ២០១៦ ក៏ត្រូវអាវុធហត្ថឃាត់ខ្លួនបាន៕

សំណុំរឿងឃាតកម្ម

សំណុំរឿងឃាតកម្ម

សំណុំរឿងឃាតកម្ម

សំណុំរឿងឃាតកម្ម

សំណុំរឿងឃាតកម្ម

សំណុំរឿងឃាតកម្ម

មតិយោបល់