ព័ត៌មានជាតិ

មុខជនធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំម្តងហើយនៅមិនរាងចាល ចេញមកវិញជួញដូរទៀត ចូលគុកដដែល

បន្ទាយមានជ័យ: យោងតាមតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារអស់រយ:ពេល២ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ពេលចេញមកវិញនៅតែប្រព្រឹត្ត ត្រូវនគរបាលក្រុងសិរីសោភ័ណ និងកម្លាំងប៉ុស្តិ៍នគរបាលក្រុងសិរីសោភ័ណ ចាប់ឃាត់ខ្លួន ក្រោយធ្វើការសាកសួរ បន្តចាប់ឃាត់ខ្លួនជនសង្ស័យបន្ថែមចំនួន២នាក់ទៀត សរុប៣នាក់។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យលោកដឹកនាំកម្លាំង នគរបាលជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដោយមានការដឹកនាំផ្ទាល់ពី លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ គង សំអាត ចុះត្រួតពិនិត្យដល់ទីតាំងស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ចាប់ឃាត់ខ្លួនជនសង្ស័យ ដែលដែលជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ អស់រយ:ពេល២ឆ្នាំ ចេញមកវិញនៅតែប្រព្រឹត្ត គឺឈ្មោះ លី សុខ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដោយ ឆែកឆេររកឃើញវត្ថុតាងថ្នាំញៀន ម្សៅក្រាមពណ៌សថ្លា សរុបចំនួន២០ថង់ ក្នុងនោះ ថង់ធំចំនួន៤ថង់,ថង់តូចចំនួន១៦ថង់,ថ្នាំគ្រាប់ពណ៌បៃតងចំនួន១០គ្រាប់,ជញ្ជីងសម្រាប់ថ្លឹង១,កូនស្លាប ព្រាសម្រាប់ចូកថ្នាំញៀន១,បំពង់ប៊ឺតមួយចំនួន,ទូរស័ព្ទដៃចំនួន៥គ្រឿង។

លោកអធិការបានបញ្ជាក់ថា ៖ បន្ទាប់ពីធ្វើការសាកសួរចម្លើយឈ្មោះ លី សុខ កម្លាំងនគរបាលយើងបានឈានដល់ការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២នាក់ទៀតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៤និង២០នាទីល្ងាច មានឈ្មោះ លាង គង់ ហៅ បារាំង វ៉ាង ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ ហេត តុលា ហៅក្អុក ភេទប្រុស អាយុ២៥ឆ្នាំ ដកហូតបានថ្នាំញៀន ២កូនថង់,ដបកែច្នៃសម្រាប់ជក់ចំនួន៣,គម្របដបកែច្នៃសម្រាប់ជក់ចំនួន២,បំពង់ទែរម៉ូម៉ែត្រ ២,សំបកទែរម៉ូម៉ែត្រចំនួន៣,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២,ដែកកេសចំនួន១៦,កូនកន្ត្រៃចំនួន២។

លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ៖ ជនសង្ស័យទាំង៣នាក់ វត្ថុតាងថ្នាំញៀន និងសម្ភារពាក់ព័ន្ធ កម្លាំងនគរបាលជំនាញប្រឆាំងការិយាល័យគ្រឿងញៀន បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ៕

 

មតិយោបល់