ព័ត៌មានជាតិ

ឡិចស៊ីសមួយគ្រឿងត្រូវរថយន្តកុងតឺន័របុក បណ្តាលឲ្យខ្ទេចផ្នែកខាងមុខយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តឡិចស៊ីស ពណ៌ស មួយគ្រឿង ត្រូវរថយន្តកុងតឺន័របើកបុក បណ្តាលឲ្យខ្ទេចមួយកំណាត់មុខ រងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ នៅត្រង់ចំណុចម្តុំស្តុបបាគូ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំដែលបានចុះទៅដល់ទីតាំងកន្លែងកើតហេតុផ្ទាល់ បានធ្វើសេចក្តីអត្ថាធិប្បាយជុំវិញបញ្ហាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បានឲ្យដឹងដូច្នេះថា រថយន្តម៉ាកឡិចស៊ីស (GS300) ពណ៌ស មួយគ្រឿង ខណៈពេលដែលកំពុងបើកបរ នៅតាមបណ្តោយផ្លូវលេខ២១៧ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើត ហេតុ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបើកបុក បណ្តាលឲ្យខ្ទេចផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំតែម្តង ។ រថយន្តនេះ ក្រុមការងារនៃអង្គភាពសារព័ត៌មានយើងខ្ញុំមិនដឹងជាពាក់ស្លាកលេខប៉ុន្មាននោះទេ ដោយម្ចាស់រថយន្តបានដោះស្លាកលេខចេញបាត់ ។

ចំណែកឯរថយន្តកុងតឺន័របង្កហេតុនោះវិញ បន្ទាប់ពីកើតហេតុ បានបើកបរបន្ថែមល្បឿនយ៉ាងលឿនបន្តទៅមុខទៀត ដើម្បីរត់គេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលសង្កាត់ដង្កោ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការ ពិនិត្យទៅតាមនីតិវិធីផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មិនមានរងគ្រោះថ្នាក់ដល់មនុស្សអ្វីនោះទេ ។ បន្ទាប់មកម្ចាស់រថយន្តរងគ្រោះ បានហៅរថយន្តមកស្ទូចយករថយន្តនេះ ទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់