ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើរ VIP១២កៅអី បើកបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើង រងការខូចខាត

ភ្នំពេញ: រថយន្តដឹកអ្នកដំណើរ VIP១២កៅអីមួយគ្រឿង បើកបោះពួយយ៉ាងលឿន ខណ:មកដល់ផ្លូវកោង ក៏ជ្រុលចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ រួមទាំងបង្គោលភ្លើងមួយដើម បាក់ដួលដល់ដី។

ហេតុការណ៍នេះ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខបុរីសុភមង្គល តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ជ្រោយ ចង្វារខណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត ម៉ាកFORDTRANSIT ពណ៌ទឹកប្រាក់ ប្រភេទដឹកអ្នកដំណើរ VIP១២កៅអី ពាក់ស្លាកលេខ ភ្នំពេញ2AX-0566​ បើកដោយបុរសម្នាក់ និងមានភ្លៀវប្រុសស្រីរួមដំណើរពេញក្នុងរថយន្ត ធ្វើដំណើរពីជើងទៅត្បូងតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងល្បឿនយ៉ាងលឿនឆ្ពោះចូលទៅក្នុងរាជធានីភ្នំពេញ។

លុះមកដល់ចំណុចកើតហេតុ ដោយផ្លូវមានស្ថានភាពកោង សង្ស័យទំនងជាអ្នកបើកបររថយន្ត ងងុយដេក ក៏ជ្រុលចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បន្តឡើងទៅបុកនឹងដើមផ្កាលំអលើសួនមួយគុម្ព និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម រងការខូចខាត។ ចំណែកឯរថយន្តកល់ជាប់នៅលើខឿនសួនច្បារពុះចែកទ្រូងផ្លូវ ទៅមុខលែងរួច រងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ។ ភ្លាមនោះអ្នកបើកបររថយន្តបង្ក រួមជាមួយនឹងអ្នកដំណើរនៅលើរថយន្ត ក៏បាននាំគ្នាជញ្ជូនអីវ៉ាន់ ដាក់ទៅលើរថយន្តមួយគ្រឿងទៀត ហើយបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តបង្កប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ និងបានរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង រួចស្ទូចយករថយន្តខាងលើយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយ៕

មតិយោបល់