ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅចំណុចផ្លូវបែកជាបួន បណ្តាលឲ្យខូចធ្ងន់ធ្ងរទាំងសងខាង

ភ្នំពេញ: នៅវេលាម៉ោង១១ ​និង៣០ នាទីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តចំនួន០២គ្រឿង បើកបរក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចស្តុបផ្លូវបែកជាបួន ស្រាប់តែជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តាមរយ:ភ្នាក់ងារសារព័ត៌មាន Post News យើងខ្ញុំដែលចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែង កើតហេតុ និងបានធ្វើបទសម្ភាសន៍ជាមួយសាក្សីដែលឃើញហេតុការណ៍ បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តចំនួន០២គ្រឿង មួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ០២ ២-៦៣២៧ និងរថយន្តមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ ២P-៧៩៥៨ បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងល្បឿនលឿនដូចគ្នា លុះពេលបើកបរមកដល់ ត្រង់ចំណុចស្តុប មានផ្លូវបែកជាបួន ស្រាប់តែរថយន្តទាំងពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមួយគ្រឿងទៀតខ្ទាតទៅបុកឈើមួយដើម និងរងការ ខូចខាតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ ។ ករណីនេះមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ធ្ងន់អ្វីនោះទេ គ្រាន់តែរបួសស្រាលបន្តិចបន្តួចតែ ប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ គេឃើញវត្តមានកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងវាស់វែងយកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យភាគីទាំងសងខាងចូលខ្លួន ធ្វើការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់