បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៤ និង ៣០នាទីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិតាអ៊ិន២ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ ថស្រុកមង្គលបូរី ដឹកនាំដោយលោកវរសេនីយ៍ត្រី ងួន ភិរម្យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណី គំរាមកំហែងសម្លាប់ (ដោយមានអាវុធ) ប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ត្រី ងួន ភិរម្យ បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស្វាង សាក់ ភេទ ប្រុស អាយុ ៥៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិតាអ៊ិន២ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ ជនសង្ស័យត្រូវជាប្អូនថ្លៃរបស់ខ្លួន (ជនរងគ្រោះ) និងរស់នៅក្នុងភូមិជាមួយគ្នា ហើយជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ អស់រយៈពេលជាង ១០ឆ្នាំមកហើយ ទើបតែចេញ ពីបទចាក់សម្លាប់ឪពុកបង្កើតរបស់ខ្លួន ក្រោយពីចេញពីពន្ធនាគារវិញ ជនសង្ស័យហាក់ក្លាយទៅជាមនុស្សមានចរិកកាចសាហាវ មិនខ្លាចញញើតអ្នកណាឡើយ ចំពោះក្រុមគ្រួសារ បងប្អូន និងម្តាយ សព្វថ្ងៃមិនហ៊ាននៅផ្ទះទេ តែងតែគេចទៅនៅជាមួយអ្នកជិតខាង ដោយខ្លាចជនសង្ស័យ ។ នៅថ្ងៃកើតហេតុ ខ្លួនបានទៅកាប់ដើមដូងបម្រុងយកមកជ្រៀកធ្វើផ្ទះ ដែលដើមដូងនោះ នៅក្បែរផ្ទះជនសង្ស័យ ពេលកំពុងកាប់ដើមដូង ស្រាប់តែជនសង្ស័យ ទាញកាំបិតដេញកាប់មកលើខ្លួន តែខ្លួនបានរត់គេចរួច ហើយស្រែកឲ្យអ្នកជិតខាងជួយ ហើយជនសង្ស័យក៏មិនហ៊ានដេញតាមមកទៀតទេ តែបាននិយាយគំរាមថា ជួបមុខពេលណាសម្លាប់ពេលនឹង បន្ទាប់ពីរត់គេចខ្លួនរួច ខ្លួនក៏បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកតែម្តង ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ទៀតថា ៖ ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហី ហ៊ីន ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នក្នុងភូមិ/ឃុំកើតហេតុខាងលើបានភ្លាមៗមាន និងដកហូតសម្ភារៈរួមមាន ៖
-ពូថៅដងដែកប្រវែង ៧៤ស.ម ចំនួន ០១ដើម
-ដំបងឈើជំពាម ប្រវែង ៦២ស.ម ០១ដើម -ដំបងឈើជ្រុង ប្រវែង ៧៣ស.ម ចំនួន ០១ដើម
-ដែកភ្លៅរទេះ ប្រវែង ៧៤ស.ម ចំនួន ០១ដើម
-ដែកសរសៃចុងស្រួច ប្រវែង ២៥ស.ម ចំនួន ០១ដើម
-ញញួរ ប្រវែង ៣២ស.ម ចំនួន ០១ដើម ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ របស់ជនរងគ្រោះពិតប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារ តាំងពីឆ្នាំ២០០១ ទើបតែបានចេញមកវិញក្នុងឆ្នាំ២០១៩ ថ្មីៗនេះ ។
ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍ របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុក និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងសាក្សី ឃើញថាមានតម្រុយពិរុទ្ធភាព នៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ គំរាមកំហែងសម្លាប់ (ដោយមានអាវុធ) បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់