ព័ត៌មានជាតិ

ស្នេហាផ្លេកបន្ទោល បាញ់បែកបង្អួចផ្ទះជួល ផ្អើលសមត្ថកិច្ច

ភ្នំពេញ: ស្នេហាត្រីកោណ ដោយនារី២នាក់ដណ្តើមបុរសម្នាក់ យកមកធ្វើជាប្តីរៀងៗខ្លួន ម្នាក់ៗចង់កាងដណ្តើមយកតែម្នាក់ឯង ឈានដល់បង្កហិង្សា ប្រើកម្លាំងបាយ ម្នាក់នៅក្នុងបន្ទប់ ម្នាក់នៅខាងក្រៅ ជាលទ្ធផល បែកកញ្ចក់បន្ទប់ជួលរបស់គេ ផ្អើលសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ហៅនាំអ្នកទាំង៣ (ស្រី២នាក់ បុរសម្នាក់) ទៅសាកសួរនៅប៉ុស្តិ៍ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ផ្ទះជួល ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

តាមបុរសម្នាក់ជាតួអង្គ ក្នុងល្បែងស្នេហា បានរៀបចំយ៉ាងខ្លី តែមានន័យចំហើយច្បាស់ថា គាត់មានប្រពន្ធមានទាំងកូន៣នាក់ (ប្រុស១នាក់) ក្នុងបន្ទុកគ្រួសារ មានទៅលំនៅក្នុងខណ្ឌសែនសុខ តែគាត់មកជួលបន្ទប់ខាងលើ ស្នាក់នៅដើម្បីធ្វើការងារ ។ បុរសខាងលើ បាននិយាយយ៉ាងច្បាស់ហើយថា ក្រៅពីភរិយាស្របច្បាប់ គាត់មានស្នេហា ជាមួយនារី២នាក់ផ្សេងទៀត តែលោកមិនបានបញ្ជាក់ពីពេលវេលា ដែលបង្កើតស្នេហ៍ទេ ហើយមុនកើតហេតុ គាត់បានចាក់សោបន្ទប់ ហើយរវល់តែចេញទៅធ្វើការងារ មិនដឹងថា នាងទី១ គាត់ចូលទៅក្នុងបន្ទប់ពីពេលណានោះទេ រហូតដល់វេលាម៉ោងខាងលើ សមត្ថកិច្ចទូរស័ព្ទប្រាប់ មានមនុស្សស្រី២នាក់ ម្នាក់នៅក្នុងបន្ទប់ ម្នាក់នៅខាងក្រៅ ឈ្លោះប្រកែកគ្នា ឈានដល់ប្រើកម្លាំងបាយ នារីខាងក្រៅ វាយ ទាញធ្លាក់បែកកញ្ចក់បង្អួច ផ្អើលផ្ទះជួល សមត្ថកិច្ចចុះទៅអន្តរាគមន៍ នាំអ្នកទាំង៣ទៅសាកសួរ ។

ចំណែកនារី២នាក់ ក្នុងរឿងខាងលើ ម្នាក់រត់គេចឡើងលើផ្ទះជួលបាត់ ម្នាក់ទាញបានមួកសុវត្តិភាពពាក់ជិត សង្ស័យខ្លាចកាមេរ៉ាក៏មិនដឹង និងដាក់បម្រាម ហាមថតឲ្យជាប់រូបគេ ក៏ប៉ុន្តែអ្វីដែលអ្នកសាព័ត៌មានថតនោះ ថតតែប៉ូលិស ចុះទៅអន្តរាគមន៍ ដល់ទៅជាប់រូប ដោយទាំងនារីវ័យក្មេង សំទ្បេងឆ្នាស់ ដែលដាក់បម្រាមនោះដែរ ។

តាមសម្តីពលរដ្ឋស្នាក់នៅក្បែរខាង បានឲ្យដឹងថា បុរសម្ចាស់បន្ទប់ខាងលើ មកជួលស្នាក់នៅម្នាក់ឯង ប្រមាណ៣ខែមកហើយ ហើយនៅព្រឹកថ្ងៃកើតហេតុ គ្រាដែលម្ចាស់បន្ទប់មិននៅ ក៏មាននារីម្នាក់ រូបរាងធាត់ ចូលមកគ្រាន់តែប្រាប់ថា ត្រូវជាប្អូនម្ចាស់បន្ទប់ ហើយមានកូនសោចាក់ចូលទៅសំងំក្នុងបន្ទប់បាត់ទៅ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មាននារីវ័យក្មេងម្នាក់ រូបរាងស្គម សំទ្បេងបាន មកអះអាងថា ត្រូវជាប្រពន្ធម្ចាស់បន្ទប់ មកដល់ឃើញ នារីម្នាក់នៅខាងក្នុង ផ្ទុះកំហឹងស្រែកឡូឡាឡាំប៉ា ឈ្លោះសម្តី ម្នាក់នៅក្នុងម្នាក់នៅក្រៅ ឈ្ល៉ប្រកែកគ្នាបាញ់កប់ៗមាត់ ទាញទាំងបង្អូចកញ្ចក់ធ្លាក់បែកខ្ទេច ផ្អើលផ្ទះជួល សមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅនាំអ្នកទាំង៣ ទៅនិយាយសម្របសម្រួលគ្នា ។

ក្រោយពីសម្របសម្រួលគ្នា នៅប៉ុស្តិ៍ប៉ូលិស ដំណោះស្រាយគ្មានអ្វីពិបាកនោះទេ បុរសខាងលើ បានបញ្ជាក់ផងដែរ ផ្តើមចេញពីស្នេហាត្រីកោណ មានភាគីម្ខាង មិនសុខចិត្តអ្វីមួយ ទើបស្នេហ៍មិនចុះសម្រុងគ្នា ហើយគាត់ជាអ្នកទទួលខុសត្រូវ ចំពោះការខូចខាតបង្អូចផ្ទះជួល រង់ចាំគាត់ហៅជាងមកកាត់ដាក់ថ្មីឡើងវិញ ដើម្បីបញ្ចប់រឿង៕

មតិយោបល់