កណ្តាលៈ ក្នុងឱកាសនាំយកទេយ្យទាន ដង្ហែទៅវត្តក្រពើហា នាយឧត្តមសេនីយ៍ ហ៊ីន ប៊ុនហៀង អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ និងជា មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦
បានមានប្រសាសន៍ថា សូមឲ្យប្រជាពលរដ្ឋទៅចូលរួមចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ពីព្រោះការបោះឆ្នោតឃុំ សង្កាត់ កាន់តែខិតជិតមកដល់។
ក្នុងឱកាសនោះដែរ លោក ហ៊ីង ប៊ុនហៀង និងភរិយាព្រមទាំងក្រុមគ្រួសារ និងមន្ត្រីក្រោមឱវាទបានធ្វើកឋិនទាន ដង្ហែទៅវត្តក្រពើហា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឆ្លៀតឱកាសនោះ លោកក៏បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រមាណ២៥០០នាក់ផងដែរ ។
ថ្លែងបន្ត លោក ហ៊ីង ប៊ុនហៀង បានកោតសរសើដល់ព្រះចៅអធិការវត្ត ព្រះឃោសធម ញ៉ែម សុភ័ក្រ ដែលបានដឹកនាំកសាង វត្តក្រពើហា រីកចម្រើនមកដល់សព្វថ្ងៃ នេះក្រោមការដឹកនាំរបស់រដ្ឋាភិបាល ។
បន្ថែមលើសនោះ លោកបានរំឭក និងលើកឡើង ពីទុក្ខលំបាក វេទនា រកទីបំផុតគ្មាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយសម័យនោះពុំមានគណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថាជាអ្នកស្នេហាជាតិចេញមុខមកសង្គ្រោះជាតិនោះទេ។
ក្នុងឱកាសនោះ លោក ហ៊ីង ប៊ុនហៀង និងភរិយា បានប្រគេនបច្ច័យសង្កត់ត្រៃយ៍ ២ ០០លានរៀល និងជូនគណៈកម្មាការវត្ត ៣៤០០០០០រៀលព្រមទាំងនាំយក អំណោយ សម្តេច តេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ប្រមាណ២៥០០នាក់ផងដែរ និងជួយឧបត្ថម្ភម៉ូតូ ហុងដាសេ១២៥ចំនួន៧គ្រឿងដល់សង្កាត់ទាំង៦ និងក្រុងតាខ្មៅ៕
មតិយោបល់