ព័ត៌មានជាតិ

អាសូរណាស់! ម្ដាយដេកយូរពេក កូនដាស់ទើបដឹងថាស្លាប់ ផ្អើលឆោទ្បោទាំងព្រឹក

ភ្នំពេញៈ ស្ត្រីម្នាក់ ដោយសាមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាយូរខែ បានស្លាប់មិនដឹងតាំងពីពេលណាទេ ទាល់តែកូនដេកជាមួយដាស់ម្តាយ ឲ្យភ្ញាក់ទើបដឹងថាស្លាប់បាត់ទៅហើយ។

ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីព្រលឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ យ៉ង់ ជា អាយុ៤៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ជាមួយកូនស្រីម្នាក់អាយុ១៥ឆ្នាំ ដោយស្ត្រីជាម្តាយមានជំងឺស្ពោតឆ្អឹង ស្នាក់នៅផ្ទះរីឯកូនស្រី បន្ទាប់ពីវ៉ាកងសាលារដ្ឋ ក៏ធ្វើការជាកម្មករច្រកទឹកម្ទេស នៅសិប្បកម្មមួយកន្លែង អ្នកទាំងពីរស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា គេមិនបានដឹងថា ស្ត្រីខាងលើមានប្រវត្តិឈឺជំងឺរាំរ៉ៃ (ស្ពោតឆ្អឹង) ជាងមួយឆ្នាំមកហើយទេ។ លុះដល់ថ្ងៃស្លាប់ ក៏មិនដឹងថា ស្លាប់តាំងពីពេលណាទៀត ព្រោះតាមទម្លាប់ស្ត្រីជាម្តាយ តែងតែភ្ញាក់ដាស់កូនឲ្យទៅធ្វើការជារាងរាល់ព្រឹក តែស្រាប់តែនៅព្រឹកកើតហេតុ កូនស្រីមិនបានភ្ញាក់ពីព្រលឹមដូចសព្វដងឡើយ ហើយមិត្តភក្តិធ្វើការជាមួយគ្នា មិនឃើញកូនស្រីស្ត្រីរងគ្រោះមកធ្វើការ មានការងឿងឆ្ងល់ ក៏ធ្វើដំណើរមកកាន់ផ្ទះកើតហេតុ ដើម្បីដាស់មិត្តភក្តិវិញម្តង។

នៅពេលដែលកូនស្រីស្ត្រីខាងលើភ្ញាក់នោះ ក៏បានដាស់ម្តាយឲ្យក្រោក ទើបដឹងថាម្តាយខ្លួនបានស្លាប់ ឡើងរឹងស្តូកទៅហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងរាយការណ៍ប្រាប់សមត្ថកច្ច ឲ្យចុះពិនិត្យដល់កន្លែង បន្ទាប់ពិនិត្យរួច សមត្ថកិច្ចបានធ្វើលិខិតស្នាម ប្រគល់សពឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់